លោក ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅកោះភូកេត ប្រទេសថៃ។
កិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាង ASEAN BAC ដោយផ្តោតសំខាន់លើការពង្រឹងអាស៊ាន ៤.០ ជាពិសេសសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម គោលនយោបាយ និងធនធានមនុស្ស កិច្ចសម្រួលពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។
រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងអនុម័តលើវិស័យសេដ្ឋកិច្ចជាអាទិភាពរបស់ប្រទេសថៃ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសម្រាប់ចីរភាព» ដែលផ្តោតទៅលើការរៀបចំខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ពង្រឹងការតភ្ជាប់អាស៊ានតាមរយៈពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាស៊ាន។
កិច្ចប្រជុំក៏បានពិនិត្យ និងឯកភាពលើការទទួលស្គាល់ទៅវិញទៅមក ស្តីពីយានយន្ត និងយន្តការដោះស្រាយជម្លោះដែលត្រូវបានកែសម្រួល។ កិច្ចប្រជុំក៏បានពិភាក្សាលើសំណើបង្កើតសហគមន៍អាស៊ីខាងកើត ក៏ដូចជាការចូលរួមវិភាគទានដល់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (ERIA) ផងដែរ។
ក្រៅពីនេះកម្ពុជាស្នើសុំឲ្យមានសេចក្តីប្រកាសរួមអាស៊ានស្តីពី ការដាក់វិធានការការពាររបស់សហភាពអឺរ៉ុបមកលើអង្ករ Indica កម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជានិងស្នើឲ្យប្រទេសជាសមាជិកអាស៊ាន ណែនាំស្ថានបេសកកម្មរបស់ខ្លួន ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចេញសេចក្តីប្រកាសគាំទ្រកម្ពុជា។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានឯកភាព និងគាំទ្រសំណើរបស់កម្ពុជា៕
