ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF) ចូលជួបសម្ដែងការគួរសម។
នាឱកាសនោះ លោក OKUBO HIDEO បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានទទួលជួបរូបលោក និងបានជម្រាបសម្ដេចថា ជំនួបនេះលោកមានគោលបំណងពីរ ទីមួយ គឺសម្ដែងនូវក្ដីនឹករលឹកដ្បិតលោកខកខានជួបសម្ដេចក្រឡាហោមប្រមាណ៥ឆ្នាំមកហើយ ហើយគោលបំណងទីពីរ គឺស្នើសុំការគាំទ្រពីសម្ដេចសម្រាប់ការបន្តអនុស្សរណៈនៃការយោគយល់គ្នារយៈពេល១០ឆ្នាំបន្តទៀត រវាងក្រុមហ៊ុន E-Security Service (ESS) ជាមួយក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុននេះជាផ្នែកមួយនៃមូលនិធិ CIEFF ។
លោកបន្តថា នៅក្នុង MOU នេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលក្រុមហ៊ុន ESS ធ្វើជាដៃគូផ្ដល់សេវាកម្មព័ត៌មានសន្តិសុខនៅកម្ពុជា ហើយដែល MOU នេះនឹងត្រូវផុតកំណត់នៅកំឡុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ លោកបានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ដែលបានគាំទ្រដល់ការអនុវត្ត MOU កន្លងមក និងស្នើបន្តកិច្ចសហប្រតិបត្តិការ MOU នេះរយៈពេល១០ឆ្នាំបន្តទៀត។
ក្នុងឱកាសនោះដែរ លោក OKUBO HIDEO ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ដោយសង្ខេបនូវវឌ្ឍនភាពការងាររបស់ ESS ក្នុងរយៈពេល១០ឆ្នាំនៅកម្ពុជា ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនចំនួន ១.៣០៥ ក្រុមហ៊ុន ក្នុងការផ្ដល់សេវាកម្មព័ត៌មានសន្តិសុខពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសមានអតិថិជនច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត ។
លោកថាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុនបានទទួលអន្តរាគមន៍ដោះស្រាយឧបទ្ទវហេតុសរុប ២៨៣ករណី ពីអតិថិជនដែលមានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសង្គម ដូចជា ចោរកម្ម អគ្គិភ័យ គ្រោះទឹកជំនន់ និងការសង្គ្រោះបន្ទាន់ ក្នុងនោះជាង ៤០ករណី បានទទួលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរប៉ូលិស។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន ESS ដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្ត MOU កន្លងមក។ សម្ដេចបានមានប្រសាសន៍ថា ក្រុមហ៊ុនបានដើរតួជាផ្នែកមួយសំខាន់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅកម្ពុជា តាមរយៈកិច្ចសហការជិតស្និតជាមួយអាជ្ញាធរប៉ូលិស។
សម្ដេចសង្ឃឹមថា ក្រុមហ៊ុននឹងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីជំរុញឱ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធសេវាកម្មព័ត៌មានសន្តិសុខនេះឱ្យបានកាន់តែច្រើន ហើយចំពោះសំណើរនៃការបន្ត MOU ជាមួយក្រសួងមហាផ្ទៃ សម្ដេចស្វាគមន៍ និងស្នើឱ្យក្រុមហ៊ុនធ្វើការងារមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរៀបចំនីតិវីធីចុះហត្ថលេខាបន្តសុពលភាពរយៈពេល១០ឆ្នាំទៀត។
មុននឹងបញ្ចប់ជំនួបនោះ សម្ដេចក្រឡាហោម បានបង្ហាញការត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើងក្នុងកំឡុងពេលនៃការអនុវត្ត MOU ជាមួយក្រសួងមហាផ្ទៃ។
ចំណែកលោក OKUBO HIDEO ក៏បានគោរពថ្លែងអំណរគុណសម្ដេច និងសន្យាថា ក្រុមហ៊ុននឹងព្យាយាមចូលរួមលើកស្ទួយវិស័យសន្តិសុខនៅកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត