ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស

ភ្នំពេញ: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នារសៀលថ្ងៃទី២០ កញ្ញា ២០២២ បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។

កិច្ចប្រជុំនេះ សំដៅអនុវត្តម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការចង្អុលដឹកនាំផ្ទាល់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

អង្គប្រជុំបានពិភាក្សាប្តូរយោបល់លើកឡើងនូវវិធានការជាក់ស្តែងអនុវត្តព្រមគ្នាដូចភ្លៀងរលឹមទាំងថ្នាក់ជាតិក៏ដូចជាថ្នាក់ក្រោមជាតិដោយផ្អែកតាមប្រភេទនិងទំហំនៃបទល្មើស ជាក់ស្តែងក្នុងពេលថ្មីៗនេះសមត្ថកិច្ចគ្រប់ថ្នាក់បាននឹងកំពុងធ្វើសកម្មភាពទប់ស្កាត់និងបង្រ្កាបយ៉ាងសកម្មស្របតាមគោលនយោបាយភូមិឃុំមានុសុវត្ថភាពដោយគ្មានល្បែងស៊ីសង។

ទន្ទឹមនេះក្រុមការងារថ្នាក់ជាតិបានផ្តោតសំខាន់ចំពោះ បទល្មើសល្បែងស៊ីសងតាមអនឡាញដែលជាប្រភេទល្បែងមានចរិតគ្រោះថ្នាក់បំផុតដែលនាំឲ្យមាននូវអំពើ ជួញដូរមនុស្ស ជួញដូរពលកម្ម បង្ខាំងមនុស្សខុសច្បាប់ ជួញដូរគ្រឿងញៀន។ល។និង។ល។

ជាមួយនោះអង្គប្រជុំបានប្តេជ្ញាប្រើប្រាស់នូវគ្រប់វិធានការច្បាប់ដើម្បីឈានទៅលុបបំបាត់រាល់សកម្មភាពខុសច្បាប់ទាំងនេះឲ្យខាងតែបាន ។

អង្គប្រជុំក៏បានលើកឡើងពីវិធានការផ្សព្វផ្សាយអប់រំជាទូទៅដើម្បីឲ្យមើលឃើញនិងយល់បានពីមហន្តរាយកើតឡើងពីការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភែទ នេះក៏ជាវិធានការអត្តិភាពមួយផងដែរដែលអាចជួយកាត់បន្ថយបាននូវបទល្មើសលេងល្បែងខុសច្បាប់៕