ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេងបានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF) ចូលជួបសម្ដែងការគួរសម។
នាឱកាសនោះ លោក OKUBO HIDEO បានថ្លែងអំណរគុណ​សម្ដេចក្រឡាហោមដែលបានទទួលជួបរូបលោក និងបានជម្រាបសម្ដេចថា ជំនួប​នេះលោកមានគោលបំណងពីរ ទីមួយ គឺសម្ដែងនូវក្ដីនឹករលឹកដ្បិតលោកខកខានជួបសម្ដេចក្រឡាហោមប្រមាណ៥ឆ្នាំមកហើយ ហើយគោល​បំ​ណងទីពីរ គឺស្នើសុំការគាំទ្រពីសម្ដេចសម្រាប់ការបន្តអនុស្សរណៈនៃការ​យោគ​​យល់គ្នារយៈពេល១០ឆ្នាំបន្តទៀត រវាងក្រុមហ៊ុន E-Security Service (ESS) ជាមួយក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុននេះជាផ្នែកមួយនៃមូលនិធិ CIEFF ។
លោកបន្តថា នៅក្នុង MOU នេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួល​ក្រុមហ៊ុន ESS ធ្វើជាដៃគូផ្ដល់សេវាកម្មព័ត៌មានសន្តិសុខនៅកម្ពុជា ហើយ​ដែល MOU នេះនឹងត្រូវផុតកំណត់នៅកំឡុងខែតុលា ឆ្នាំ​២០២២​ខាង​មុខនេះ។ លោកបានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ដែលបានគាំទ្រដល់​ការអនុវត្ត MOU កន្លងមក និងស្នើបន្តកិច្ចសហប្រតិបត្តិការ MOU នេះ​រយៈពេល១០ឆ្នាំបន្តទៀត។
ក្នុងឱកាសនោះដែរ លោក OKUBO HIDEO ក៏បានជម្រាបជូនសម្ដេចក្រ​ឡា​ហោម ដោយសង្ខេបនូវវឌ្ឍនភាពការងាររបស់ ESS ក្នុងរយៈពេល​១០​ឆ្នាំ​នៅ​កម្ពុជា ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុនបានចុះកុងត្រាជាមួយ​ក្រុមហ៊ុនចំនួន ១.៣០៥ ក្រុមហ៊ុន ក្នុងការផ្ដល់សេវាកម្មព័ត៌មានសន្តិសុខ​ពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសមាន​អតិថិជន​ច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត​ ។
លោកថាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុនបានទទួលអន្តរាគមន៍ដោះស្រាយឧបទ្ទវហេតុសរុប ២៨៣ករណី ពីអតិថិជនដែលមានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសង្គម ដូចជា ចោរកម្ម អគ្គិភ័យ គ្រោះទឹកជំនន់ និងការសង្គ្រោះបន្ទាន់ ក្នុងនោះជាង ៤០ករណី បានទទួលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរប៉ូលិស។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន ESS ដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្ត MOU កន្លងមក។ សម្ដេចបានមានប្រសាសន៍ថា ក្រុមហ៊ុនបានដើរតួជាផ្នែកមួយសំខាន់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅកម្ពុជា តាមរយៈកិច្ចសហការជិតស្និតជាមួយអាជ្ញាធរប៉ូលិស។
សម្ដេចសង្ឃឹមថា ក្រុមហ៊ុននឹងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីជំរុញឱ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធសេវាកម្មព័ត៌មានសន្តិសុខនេះឱ្យបានកាន់តែច្រើន ហើយចំពោះសំណើរនៃការបន្ត MOU ជាមួយក្រសួងមហាផ្ទៃ សម្ដេចស្វាគមន៍ និងស្នើឱ្យក្រុមហ៊ុនធ្វើការងារមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរៀបចំនីតិវីធីចុះហត្ថលេខាបន្តសុពលភាពរយៈពេល១០ឆ្នាំទៀត។
មុននឹងបញ្ចប់ជំនួបនោះ សម្ដេចក្រឡាហោម បានបង្ហាញការត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង​ក្នុងកំឡុងពេលនៃការអនុវត្ត MOU ជាមួយក្រសួងមហាផ្ទៃ។
ចំណែកលោក OKUBO HIDEO ក៏បានគោរពថ្លែងអំណរគុណសម្ដេច និងសន្យាថា ក្រុមហ៊ុននឹងព្យាយាមចូលរួមលើកស្ទួយវិស័យសន្តិសុខនៅកម្ពុជា ឱ្យ​កាន់តែរឹងមាំបន្ថែមទៀត