ភ្នំពេញ៖សាលាឧទ្ឋរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២នឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ រវាងប្តីប្រពន្ធមួយគូ រស់នៅក្នុងរាជធានីភ្នំពេញ។
យោងតាមដីកាកោះឲ្យចូលរួមសវនាបានឲ្យដឹងថាចៅក្រមសាលាឧទ្ ឋរណ៍ភ្នំពេញ មានលោកចៅក្រម គី ឫទ្ធី នឹងដឹកនាំសវនាការ ដោយមានលោក ភូ ពៅស៊ុន និងលោកសួស សំអាត ជាចៅក្រមប្រឹក្សា រីឯលោកស្រី សា កញ្ញារិទ្ធ ជាព្រះរាជអាជ្ញា ក្នុងសំណុំរឿងបង្វិលឲ្យជំនុំជម្រះឡើងវិញរបស់តុលាការកំពូល លើសាលដីកាផ្តន្ទាទោសស្ត្រីជាប្រពន្ធឲ្យមានទោសពីបទលួច (ប្រាក់របស់ខ្លួនឯង) ដែលបានមកពីអាជីវកម្មបើកផ្សាររួមគ្នាជាមួយប្តី នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
សំណុំរឿងក្តី រវាងប្តីប្រពន្ធរៀបការក្នុងឆ្នាំ២០០១នេះ បានកើតឡើងដោយសារភាពរកាំរកួសនៅក្នុងគ្រួសារ បន្ទាប់ពីប្រពន្ធប្តឹងលែងលះប្តី ហើយប្តីប្តឹងឲ្យចាប់ប្រពន្ធដាក់គុក ពីបទលួចប្រាក់ ជាទ្រព្យក្នុងចំណងអាពាហ៍ពិពាហ៍ ដែលច្បាប់ចាត់ទុកថា ជាទ្រព្យរួមប្តីប្រពន្ធ។
ផ្អែកតាមឯកសារបានបញ្ជាក់ថា លោក ពេជ្រ ច័ន្ទធី អាយុ៥៥ឆ្នាំ និងលោកស្រី ទេស សុវណ្ណាវី អាយុ៤៩ឆ្នាំ គឺជាប្ដីប្រពន្ធ ដោយបានរៀបការនឹងគ្នានៅអំឡុងឆ្នាំ២០០១ បានបង្កើតក្រុមហ៊ុនមួយ មានឈ្មោះ អារ៉ូណា ខបភើរសិន ភីធីវ៉ី អិលធីឌី (ផ្សារអាវ៉ូណា) ហើយអ្នកទាំងពីរបានដាក់ភាគហ៊ុន៥០ភាគរយម្នាក់ ដោយឈ្មោះ ពេជ្រ ច័ន្ទធី ទទួលមុខងារជាប្រធានក្រុមប្រឹក្សាភិបាល និងប្រពន្ធឈ្មោះ ទេស សុវណ្ណាវី ទទួលមុខងារជាអភិបាល។ តែទោះជាយ៉ាងណានេះក៏ដោយ ការដឹកនាំគ្រប់គ្រងក្រុមហ៊ុន គឺជាលក្ខណៈគ្រួសារសុទ្ធសាធ ដោយហេតុថា ក្រុមហ៊ុនមិនដែលបានធ្វើរបាយការណ៍ហិរញ្ញវត្ថុ អំពីការខាតបង់ឬចំណេញ ឬបែងចែកភាគលាភអ្វីទាំងអស់ ហើយឈ្មោះ ទេស សុវណ្ណារី គ្មានតួនាទីអ្វីពាក់ព័ន្ធនឹងការគ្រប់គ្រងចាត់ចែងក្រុមហ៊ុននោះទេ។ ប៉ុន្តែ តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលនេះ ឈ្មោះ ពេជ្រ ច័ន្ទធី បានបង្កហេតុបង្កើតជាពាក្យបណ្តឹងព្រហ្មទណ្ឌមកលើប្រពន្ធខ្លួន ដែលមិនទាន់លែងលះដាច់ស្រេច។
នៅក្នុងសំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ បានផ្តន្ទាទោសលោកស្រី ទេស សុវណ្ណារី ដាក់ពន្ធនាគាររហូតដល់រយៈពេល៣ឆ្នាំ និងសងសំណងការខូចខាតជាទឹកប្រាក់ចំនួន២,៥លានដុល្លារ, សំណងជំងឺចិត្តចំនួន៨សែនដុល្លារ ឲ្យទៅប្តីរបស់ខ្លួន ឈ្មោះ ពេជ្រ ច័ន្ទធី ប៉ុន្តែលោកស្រីបានប្តឹងសារទុក្ខទៅតុលាការកំពូល។
សវនាការនៅពេលនោះ មានលោក ឡាំង គីមសេង មេធាវីការពារសិទ្ឋិឲ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ពេជ្រ ច័ន្ទធី និងមានលោក រស់ មុនិន្ទៈ, លោក អ៊ូ វូធ និងលោក តេង បញ្ញារិទ្ធ ជាមេធាវីការពារសិទ្ធិឲ្យចុងចោទឈ្មោះ ទេស សុវណ្ណាវី។
ចំណែកនៅសវនាការនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ មានលោក រស់ មុនិន្ទៈ, លោកស្រី ស៊ឹង ហនិកា និងលោកស្រី សួរ សុខគីម ជាមេធាវីការពារសិទ្ធិឲ្យលោកស្រី ទេស សុវណ្ណារី រីឯមេធាវីការពារសិទ្ធិឲ្យលោក ពេជ្រ ច័ន្ទធី មានលោក ឡាំង គឹមសេង និងលោក នូ ណារ៉ាត់ ដែលអ្នកទាំងពីរមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
សាលដីការបស់លោក សឹង បញ្ញាវុឌ្ឍ ចៅក្រមតុលាការកំពូល បានរកឃើញថា «សាលាឧទ្ទរណ៍ទុកជាបានការ ការប្រកាសពិរុទ្ធភាព និងផ្តន្ទាទោសជនជាប់ចោទឈ្មោះ ទេស សុវណ្ណារី ដាក់ពន្ធនាគារ៣ឆ្នាំ ពីបទលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន អារ៉ូណា ខបភើរេសិន ភីឌីឌី ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា និងអំឡុងខែឧសភា ឆ្នាំ២០១៥ …. គឺពុំទាន់មានមូលដ្ឋានគ្រប់ គ្រាន់នៅឡើយទេ ពីព្រោះសាលាឧទ្ធរណ៍បានលើកយកមកពិចារណាតែភស្តុតាងដាក់បន្ទុកលើជនជាប់ចោទ ប៉ុន្តែសាលាឧទ្ធរណ៍ពុំទាន់បានពិចារណាលើភស្តុតាងដោះបន្ទុករបស់ជនជាប់ចោទ និងធាតុផ្សំបទល្មើស ដែលមានចែងក្នុងមាត្រា៣៥៣ និងមាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌនៅឡើយទេ»។
យោងតាមសាវតារឿងនេះ មុនពេលរៀបការជាមួយលោក ពេជ្រ ច័ន្ទធី លោកស្រី ទេស សុវណ្ណារី គឺជាស្ត្រីមេម៉ាយមានកូនប្រុសម្នាក់។ បន្ទាប់ពីបានរៀបការជាមួយលោក ពេជ្រ ច័ន្ទធី នៅឆ្នាំ២០០២ អ្នកទាំងពីរបានបង្កើតកូនប្រុសម្នាក់ទៀត។ លើសពីនេះ ពីរនាក់ប្តីប្រពន្ធរូបនេះ បានបង្កើតទ្រព្យសម្បត្តិរួមគ្នាលើអចលនវត្ថុ ជាផ្ទះ និងដីធ្លី មានជាច្រើនកន្លែងថែមទៀតផង សុទ្ធតែមានប្តីឈ្មោះ ពេជ្រ ច័ន្ទធី និងប្រពន្ធឈ្មោះ ទេស សុវណ្ណារី ជាម្ចាស់ទ្រព្យ ដែលនេះបញ្ជាក់ថា ជាទ្រព្យទាំងអស់ជាទ្រព្យរួមប្ដីប្រពន្ធ។
នៅចុងឆ្នាំ២០១៦ លោក ពេជ្រ ច័ន្ទធី បានប្ដឹងលោកស្រី ទេស សុវណ្ណារី ស្តីពីបទលួចដោយផ្អែកលើអង្គហេតុ ស្ដីពីការដូរលុយពីថៅកែស្រីឈ្មោះ ទេស សុវណ្ណាវី ឲ្យលុយរាយទៅបុគ្គលិកទុកសម្រាប់អាប់ឲ្យភ្ញៀវមកទិញទំនិញ នៅក្នុងផ្សារអារ៉ូណា ដែលក្នុងនាមលោកស្រីជាថៅកែ គឺមិនអាចព្រងើយកន្តើយអំពីបញ្ហាកើតមានក្នុងផ្សាររបស់ខ្លួនឡើយ ដូច្នេះក៏ឲ្យបុគ្គលិកខ្ចីប្រាក់ក្រដាសតូចៗ សម្រាប់អាប់ជូនភ្ញៀវ និងសងមកលោកស្រីវិញ នៅពេលបិទផ្សារ។
ថ្ងៃមួយ តាមរយៈកាមេរ៉ាសុវត្ថិភាព លោក ពេជ្រ ច័ន្ទធី បានឃើញបុគ្គលិកប្រគល់ប្រាក់សងលុយអាប់ចំនួន២០០ដុល្លារទៅថៅកែស្រីឈ្មោះ ទេស សុវណ្ណារី ទើបលោកចាត់ទុកថា ជាករណីប្រពន្ធលួចលុយក្រុមហ៊ុន ហើយទោះបីបុគ្គលិកពន្យល់ប្រាប់ការពិតដល់លោកយ៉ាងណា ក៏លោកមិនសុខចិត្ត ហើយប្តឹងប្រពន្ធខ្លួនឯងតែម្តង។
ក្រុមអ្នកច្បាប់ បានពិចារណាថា ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្ដីប្រពន្ធទាំងសងខាង ឬតែម្ខាង ទទួលបានក្នុងអំឡុងចំណងអាពាហ៍ពិពាហ៍។ រីឯប្រពន្ធវិញ ក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងប្រើប្រាស់ប្រាក់ទាំងនោះ ទោះតាមវិធីណាក៍ដោយ សម្រាប់ជីវភាពរស់នៅចាំបាច់ ដូច្នេះបើប្តីចោទប្រពន្ធថា លួចប្រាក់ខ្លួនឯង គឺជារឿងមិនត្រឹមត្រូវ ព្រោះវាជាការប្រើប្រាស់ទ្រព្យសម្បត្តិរួម ដែលធានាដោយច្បាប់។
លោក រស់ មុនិន្ទៈ មេធាវីការពារសិទ្ធិលោកស្រី ទេស សុវណ្ណារី បានមានប្រសាសន៍ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ កូនក្តីរបស់លោកមិនបានប្រព្រឹត្តអំពើលួច និងរំលោភសេចក្តីទុកចិត្តពិសេសដោយអភិបាល ដូចការចោទប្រកាន់ពីប្តីនោះឡើយ ដោយហេតុថា ឈ្មោះ ពេជ្រ ច័ន្ទធី និងឈ្មោះ ទេស សុវណ្ណាវី ជាប្តីប្រពន្ធនឹងគ្នា ចំណែកប្រាក់២០០ដុល្លារនោះ គឺជាទ្រព្យសម្បត្តិរួម។
លោកមេធាវី បានមានប្រសាសន៍ថា «អាស្រ័យហេតុនេះ ក្នុងនាមមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះ មេត្តាសម្រេចឲ្យកូនក្តីខ្ញុំបានរួចផុតពីការចោទប្រកាន់ទាំងអស់ និងសុំលុបចោលដីកាតាមរកចាប់ខ្លួនតាមច្បាប់ប្រសិនបើមាន»៕