កោះកុង៖ ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសាររស់នៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានស្នើសុំអាជ្ញាធរស្រុកកុំឱ្យរុះរើផែឈើប្រវែងជិត ៣០០ម៉ែត្រដែលទើបតែនឹងសង់ ព្រោះវាជាតម្រូវការចង់ចតទូក និងដឹកជញ្ជូនទំនិញផលនេសាទទៅកាន់ទីផ្សារ។
តំណាងប្រជាពលរដ្ឋនៅភូមិស្រែថ្មី បាននាំគ្នាប្រមូលផ្តុំទទូចដល់អាជ្ញាធររក្សាទុកផែថ្មីសង់ពីឈើនៅដដែល ដើម្បីជាប្រយោជន៍ដល់ពួកគាត់បម្រើការចតទូក និងលើកដាក់ផលនេសាទដែលប្រមូលបានពីផ្ទៃទឹកសមុទ្រ។
សំណើសុំរបស់ប្រជាពលរដ្ឋទាំងផ្ទាល់មាត់ និងផ្តិតមេដៃលាយ លក្ខណ៍អក្សរនេះ ធ្វើឡើងក្រោមមានការចោទប្រកាន់ថា ឈ្មោះ លី រស់ ជាអ្នកផ្តើមសង់វាឡើង បូករួមមាននឹងការជួយសម្ភារៈ និងកម្លាំងពលកម្មពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋានផងនោះ។ ត្រង់ចំណុចថា សំណង់ផែឈើខុសច្បាប់ចូលសមុទ្រ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនគឺមិនពិតនោះទេ។
តំណាងប្រជាពលរដ្ឋលើកឡើងបន្តថា ពួកគាត់ពិតជាសប្បាយចិត្ត និងគាំទ្រឱ្យមានជាផែឈើទទឹង៥ម៉ែត្រកន្លះនិងកម្ពស់ផុតពីទឹកជាង ២ម៉ែត្រ ខណៈផែថ្មនៅមួយកន្លែងទៀតមានទូកជាច្រើនចូលចត និងពិបាកដឹកជញ្ជូនផលនេសាទឡើងមកលើគោក។
ពលរដ្ឋជឿជាក់ថា ប្រធានសហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធយោគយល់ពីតម្រូវការចង់របស់ពួកគាត់ ជាអ្នកប្រកបមុខរបរនេសាទ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក សន ចេក មេភូមិស្រែថ្មី និងលោក ហ៊ិន ឡា នាយផ្នែកជលផលស្រុកបូទុមសាគរបានទទួលស្គាល់ស្រដៀងថា ផែឈើខាងលើវាពិតជាតម្រូវការចាំបាច់របស់ពលរដ្ឋអ្នកភូមិស្រែថ្មីប្រាកដមែន។ព្រោះពួកគាត់ស្នើសុំច្រើនឆ្នាំមកហើយខណៈមានបញ្ហាប្រឈ មលំបាក ហើយងាយនឹងបង្កគ្រោះថ្នាក់ដល់មនុស្សរស់នៅតាមខ្នងផ្ទះពេលដឹកផលនេសាទម្តងៗ។
តបនឹងសំណើពលរដ្ឋ លោកមេភូមិស្រែថ្មី និងមន្ត្រីជំនាញក៏រៀបចំលិខិតសំណើបែបបទមួយបញ្ជូនទៅកាន់ប្រធានសហគមន៍មេឃុំថ្មស និងរដ្ឋបាលស្រុកបូទុមសាគរត្រង់មានការសម្រេចយ៉ាងណាអាស្រ័យទៅតាមជាក់ស្តែងរបស់លោកអភិបាលស្រុក។
លោក លី រស់ ជាអ្នកផ្តួចផ្តើមធ្វើផែលើកឡើងថា ដំបូងឡើយលោកធ្វើតែផែឈើ ១ម៉ែត្រកន្លះដើម្បីលើកត្រី មឹកបង្គារនិងក្តាម ដោយលោកមិនចង់ធ្វើបន្តទេ ប៉ុន្តែមានការស្នើសុំក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋក៏បន្តសង់ទៀត គ្រាពួកគាត់លំបាកកន្លែងចតទូកលើកដាក់ផលនេសាទទៅកាន់ទីផ្សារ។
លោក លី រស់ បច្ចុប្បន្នផែឈើនេះ សម្រេចបានជាង ៩០% ហើយនៅសល់តែតូបមួយលើផែទុកចាំលើកដាក់ផលនេសាទ។
ទាក់ទិនបញ្ហានេះត្រូវបានលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរថ្លែងថា លោកនឹងមិនជំទាស់សេចក្តីចង់បានរបស់ពលរដ្ឋនោះទេ ប្រសិនបើវាបម្រើដល់ប្រយោជន៍រួមក៏ដូចជាមានទុក្ខកង្វល់ពិតប្រាកដមែនគឺលោកឯកភាពគាំទ្រ។
ទោះយ៉ាងណា លោកនឹងចុះពិនិត្យដល់ទីតាំងជាក់ស្តែងជាថ្មីម្តងទៀត មុននឹងចុះហត្ថលេខាទទួលស្គាល់។
លោកអភិបាលស្រុកបូទុមសាគរបន្ថែមថា ការដែលលោកគាំទ្រនេះ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ហាធូរស្រាលជំងឺកូវីដតាមអាស្រ័យផលនេសាទ ជាពិសេសទប់ស្កាត់ការចូលកាប់ទន្ទ្រានដីព្រៃកោងកាង និងដីចំណីព្រែកសមុទ្រ៕ អត្ថបទ៖ ឈឹម មករា