ចិន ជំរុញឲ្យអាមេរិកបញ្ឈប់ការចោទប្រកាន់គ្មានការទទួលខុសត្រូវ លើបញ្ហាសន្តិសុខ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីការអះអាងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អ្នកស៊ើបការណ៍ និងពួក Hacker ពីប្រទេសចិន និងកន្លែងផ្សេងទៀតពីការចូលប្រើការស្រាវជ្រាវសិក្សាលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន។
លោកស្រីបានបន្តថា រដ្ឋាភិបាលចិនតែងតែប្រឆាំងនឹងការវាយប្រហារដោយការលួចចូល និងបំពានបច្ចេកវិទ្យាព័ត៌មាន។ ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានបច្ចេកវិទ្យា និងសមត្ថភាពតាមអ៊ីនធឺណិតដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក លោកស្រី Mao បានលើកឡើងថា សហរដ្ឋអាមេរិក ក៏បានបើកដំណើរការការវាយប្រហារលួចស្តាប់ ការលួចស្តាប់តាមខ្សែ និងចោរលួចសម្ងាត់ដ៏ធំបំផុតប្រឆាំងនឹងប្រទេសដទៃទៀតផងដែរ។
លោកស្រីបន្ដថា “របាយការណ៍ថ្មីៗនេះបង្ហាញថា សហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារតាមអ៊ីនធឺណិត និងប្រតិបត្តិការចោរកម្មប្រឆាំងនឹងសកលវិទ្យាល័យពហុបច្ចេកទេសភាគពាយ័ព្យរបស់ប្រទេសចិន ហើយបានដកហូតទិន្នន័យបច្ចេកទេសស្នូលមួយក្រុម ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់ផ្តល់ការពន្យល់នៅឡើយនោះទេ” ដោយជំរុញឱ្យសហរដ្ឋអាមេរិកជាបន្ទាន់។ បញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណិត និងការលួចសម្ងាត់ប្រឆាំងនឹងប្រទេសផ្សេងទៀត និងបញ្ឈប់ការចោទប្រកាន់ដោយគ្មានការទទួលខុសត្រូវលើអ្នកដ៏ទៃលើសន្តិសុខអ៊ីនធឺណិត៕ប្រែសម្រួល ឈូក បូរ៉ា