ភ្នំពេញ៖ ពលរដ្ឋអ្នកចិញ្ចឹមសត្វជ្រូកនៅតាមបណ្តាកសិដ្ឋាននិងសមាគមអ្នកចិញ្ចឹមសត្វបានបង្ហើបថា សព្វថ្ងៃនេះបញ្ហាប្រឈមធំគឺ ការនាំចូលសត្វជ្រូករស់និងសាច់ជ្រូកបង្កកខុសច្បាប់ពីប្រទេសជិតខាងបាននិងកំពុងតែធ្វើឲ្យ ផលិតកម្មចិញ្ចឹមក្នុងស្រុកកំពុងតែជួបបញ្ហាកកស្ទះយ៉ាងខ្លាំង។
សមាគមអ្នកចិញ្ចឹមសត្វនិងកសិករថ្មីៗនេះបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ព័ន្ធជួយចាត់វិធានការជាបន្ទាន់ នៅតាមបណ្តាច្រកសំខាន់ៗតាមព្រំដែនជាប់ប្រទេសជិតខាង ដែលកំពុងតែកើតមានភាពមិនប្រក្រតីនេះ។
លោក តាន់ ផាន៉ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានថ្លែងបញ្ជាក់នៅថ្ងៃទី២១ខែវិច្ឆិកានេះថា បច្ចុប្បន្ននេះ ផលិតកម្មចិញ្ចឹមសត្វជ្រូករស់នៅកម្ពុជាកំពុងតែកកស្ទះយ៉ាងខ្លាំងមែន ខណៈដែលមួយរយៈមុនរាជរដ្ឋាភិបាលបានបញ្ជារឲ្យមានការដេញថ្លៃការនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាង។
លោក តាន់ ផាន់ណារ៉ា បានលើកឡើងថា« ឥឡូវនេះយើងមានការអនុញ្ញាតិ នាំចេញច្បាស់លាស់ហើយនូវសត្វជ្រូលរស់ពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ចន្លោះពី៣០០ទៅ៥០០ក្បាលក្នុងមួយថ្ងៃ គឺមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម លោក ឌិត ទីណា ដើម្បីឲ្យសម្រួលកុំមានការកកស្ទះសត្វជ្រូករស់នៅទីផ្សារកម្ពុជា ។
មន្រ្តីជាន់ខ្ពស់រូបនេះបានបន្ថែមថា សព្វថ្ងៃនេះកសិករអ្នកចិញ្ចឹមជ្រូកជួបបញ្ហាថ្លៃដើមនៃការផលិត ហើយយើងរំពឹងថា« ទៅថ្ងៃខាងមុខស្ថានភាពតម្លៃនឹងល្អប្រសើរឡើងវិញ ដោយសារតែក្រសួងកសិកម្មបានសម្រេចឲ្យមានការនាំចេញទៅប្រទេសជិតខាង»។
ក្រុមហ៊ុនអ្នករកស៊ីនិងសមាគមអ្នកចិញ្ចឹមសត្វបានស្នើសុំឲ្យរាជរដ្ឋាភិបាលជាពិសេស ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរខេត្តត្រូវរឹតបន្តឹងការនាំចូលសាច់ជ្រូកបង្កកមកពីប្រទេសជិតខាងជាពិសេសប្រទេសថៃនិងវៀតណាម ដែលលួចរត់ពន្ធដោយខុសច្បាប់ ធ្វើឲ្ប៉ះពាល់ដល់កសិករអ្នកផលិតកម្មក្នុងស្រុកផងដែរ។
កន្លងទៅថ្មីៗនេះ នាំចូលជ្រូក ឬសាច់សត្វខុសច្បាប់បង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ ដោយសារតែគ្មានការត្រួតពិនិត្យនិងការបញ្ជាក់ពីសុវត្ថិភាពឱ្យបានត្រឹមត្រូវពីស្ថាប័នរដ្ឋជាពិសេស ខាងមន្រ្តីគយ និងអន្តោប្រវេសន៍តាមច្រកព្រំដែន ដែលធ្វើឱ្យប្រជាកសិករ និងកសិដ្ឋាចិញ្ចឹមជ្រូកមួយចំនួននៅកម្ពុជា រងផលប៉ះពាល់យ់ាងធ្ងន់ធ្ងរបំផុត។