ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឌិត ទីណា៖ «ដំណោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុក គឺមានក្នុងដៃអស់ហើយគ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ»

ភ្នំពេញ៖ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន​ថ្លែងបញ្ជាក់កាលពីថ្ងៃទី៦ខែធ្នូនេះថា ដំណោះស្រាយ បញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុកគឺមានក្នុងដៃអស់ហើយ គ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ។

លោករដ្ឋមន្រ្តី​បានបញ្ជាក់នេះ ក្នុងកិច្ចសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជា​ ដើម្បីបកស្រាយ និងឆ្លើយសំនួរពីសំណាក់អ្នកសារពត៌មានអំពីសកម្មភាព និងវឌ្ឍនភាពការងារចាប់តាំងពីលោក​​កាន់តំណែង រហូតដល់បច្ចុប្បន្ន ។
លោក ឌិត ទីណា បានថ្លែងថា រាប់តាំងពីថ្ងៃឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដំបូង រហូតដល់ពេលបច្ចុប្បន្នគឺមានរយៈពេល ៥០ថ្ងៃហើយ ហើយរយៈពេល ៥០ថ្ងៃនេះ លោក​បានដោះស្រាយបញ្ហាជាច្រើន ក្នុងនោះក៏បានដោះស្រាយបញ្ហាប្រឈមជាមួយតម្លៃស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយសារការកកស្ទះនៃរោងម៉ាស៊ីនស្រូវផងដែរ ។

លោករដ្ឋមន្រ្តិបានលើកឡើងថា ប្រសិនបើយើងចង់ឱ្យមានការរីកចម្រើនទាំងអស់គ្នា គឺត្រូវតែរួមគ្នាដោះស្រាយទាំងអស់គ្នា កុំប្រកាន់តាមផ្នែកនីមួយៗ ប៉ុន្តែបច្ចុប្បន្នចាំបាច់ត្រូវដោះស្រាយបញ្ហាបន្ទាន់ៗ និងសំខាន់ៗជាមុនសិន ។

លោករដ្ឋមន្រ្តីទៅថ្ងៃមុខលោកជឿជាក់ថា ចំពោះបញ្ហាកង្វះទីផ្សារផលិតផលកសិកម្ម ដោយសារតែកត្តាការនាំចូលផលិតកសិកម្មក្រៅប្រទេសនេះ នឹងអាចដោះស្រាយបានតាមរយៈស្មារតីជាតិនិយម ប៉ុន្តែក្នុងនោះលោកក៏បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នយើងកំពុងចូលរួម និងចរចាបើកទីផ្សារសេរី ប្រសិន​បើយើងអាចនាំផលិតផលរបស់យើងចេញទៅក្រៅប្រទេសបាន នោះប្រទេសដទៃក៏អាចនាំផលិតផលរបស់ពួកគេចូលក្នុងប្រទេសយើងវិញបានដូចគ្នា ។
លោកបន្ថែមថា «ដំណោះស្រាយគឺយើងមានរួចអស់ហើយ គ្រាន់តែត្រូវការរយៈពេលវែងដើម្បីដោះស្រាយ និងត្រូវការការចូលរួមទាំងអស់គ្នាប៉ុណ្ណោះ ។