ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា និងមីយ៉ាន់ម៉ាគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសានេះ បានបង្ហាញជំហររួមគ្នា នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។

សម្ដេចតេជោបានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។

យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាវិញមាន៣.៣២លានដុល្លារ។

ឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៥.២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤.១២លានដុល្លារ។

ឆ្នាំ២០១៧ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៤.៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២.២៥លានដុល្លារ។

ប៉ុន្តែនៅក្នុងរយៈពេល៦ខែឆ្នាំ២០១៨ កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ ៕