ប៉េកាំង៖ រដ្ឋាភិបាលចិន បាននិយាយព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង្ស័យជាវត្ថុប្រើសម្រាប់ឈ្លបយកការណ៍លើទឹកដីអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) មិនបានផ្តល់ព័ត៌មានលម្អិត និងមិនបានកំណត់អត្តសញ្ញាណស្ថាប័នអាមេរិក ដែលចិនព្រមានចាត់វិធានការសងសឹកនោះទេ។
រដ្ឋាភិបាលចិនបានប្រកែកថា បាឡុងនោះ គឺជាអាកាសយានគ្មានមនុស្សបើក ដែលត្រូវបានហោះហើរខុសគន្លងដោយចៃដន្យ ហើយបាននិយាយចោទប្រកាន់សហរដ្ឋអាមេរិកថា បញ្ចេញប្រតិកម្មខ្លាំងពេក រហូតយន្តហោះចម្បាំងប្រភេទ F-22 ដើម្បីបាញ់ទម្លាក់ប៉េងប៉ោងនោះ។
ចាប់តាំងពីការបាញ់ទម្លាក់បាឡុង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មចំពោះអង្គភាពចំនួនប្រាំមួយរបស់ចិន ដែលយោធាអាមេរិកយល់ថា មានជាប់ទាក់ទងកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង។
ខណៈចិនបដិសេធថា បាឡុងនោះមិនមែនជារបស់សម្បត្តិយោធា ប៉ុន្តែគេមិនទាន់និយាយថា តើក្រសួងរដ្ឋាភិបាល ឬក្រុមហ៊ុនណា ជាអ្នកទទួលខុសត្រូវនោះទេ។
លោក វ៉ាង វ៉េនពីន បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយនឹងចាត់វិធាការតបតចំពោះអង្គភាពពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដែលធ្លាប់បង្កអន្តរាយដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន»។
លោកបានបញ្ជាក់បន្ថែមថា ប្រទេសចិនការពារយ៉ាងដាច់ខាតនូវអធិបតេយ្យភាពជាតិ និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន។
កាលពីថ្ងៃពុធនោះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក រ៉ាម់ អីម៉ានូអែល (Rahm Emanuel) បាននិយាយថា ការឈ្លានពានរបស់បាឡុងចិន គឺជាគំរូនៃអាកប្បកិរិយាឈ្លានពានរបស់ទីក្រុងប៉េកាំង។
លោកបានកត់សម្គាល់ថា ពន្លឺកាំរស្មីឡាស៊ែរ ដែលបាញ់ចេញនាវាល្បាតរបស់យោធាចិន នៅក្នុងឆ្នេរសមុទ្រហ្វីលីពីន នាពេលថ្មីៗនេះ គឺចេតនាដើម្បីរំខានដល់ការហោះហើររបស់យន្តហោះយោធាអាមេរិក។
លោក រ៉ាម់ អីម៉ានូអែល បាននិយាយថា «សម្រាប់ខ្ញុំ បាឡុងនោះមិនមែនជាឧប្បត្តិហេតុចៃដន្យនោះទេ»។
កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិជប៉ុន បាននិយាយថា ចាប់តាំងពីឆ្នាំ២០២៩ រហូតឆ្នាំ២០២៣នេះ យ៉ាងហោចណាស់យានចម្លែកចំនួនបីគ្រឿង ត្រូវបានគេប្រទះឃើញហោះបណ្តែតខ្លួននៅក្នុងដែនអាកាសរបស់ជប៉ុន ហើយគេជឿជាក់យ៉ាងមុតមាំថា សុទ្ធតែជាបាឡុងចារកម្មរបស់ចិន៕