ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឆន្ទ:រៀបចំលិខិតបទដ្ឋានគតិយុត្តមួយដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ

ភ្នំពេញ:  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣បាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី “ការផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចទិញគ្រឿងស្រវឹងបាននៅកម្ពុជា” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សិក្ខាសាលាបច្ចេកទេសនេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានាទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តា នុពលដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការទិញគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។

ថ្លែងក្នុងពិធិបើកនៃសិក្ខាសាលា ឯកឧត្តម ផាន អូន បានលើកឡើងថា “បញ្ហាជាច្រើនបានលេចចេញឡើងតាមរយៈការបរិភោគគ្រឿងស្រវឹងពីសំណាក់អនីតិជន ដែលរួមមានដូចជាការប៉ះពាល់ដល់សុខភាព និងបង្អាក់ការលូតលាស់នៃខួរក្បាលរបស់ជនដែលបរិភោគគ្រឿងស្រវឹងនោះផងដែរ។ ដោយសារតែផលប៉ះពាល់យ៉ាងច្រើនខាងលើ បទប្បញ្ញត្តិដែលកម្រិតអំពីអាយុស្របច្បាប់នៃការអាចទិញគ្រឿងស្រវឹង ជាតម្រូវការដ៏ចាំបាច់ក្នុងការការពារដល់យុវជនដែលជាទំពាំងស្នងឬស្សី ព្រមទាំងរក្សានូវនិរន្តភាពនៃការពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ជាតិផងដែរ។ការកំណត់កម្រិតអាយុក្នុងការទិញគ្រឿងស្រវឹង នឹងក្លាយទៅជាបទ ប្បញ្ញត្តិយ៉ាងសំខាន់ដែលផ្តល់នូវការការពារជូនដល់ទំពាំងស្នងឬស្សី ពីការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

បទប្បញ្ញត្តិនេះនឹងដើរតួជាឧបករណ៍មួយដែលអាចកាត់បន្ថយ នឹងទប់ស្កាត់អនីតិជនពីការបរិភោគគ្រឿងស្រវឹង ព្រមទាំងធានាឱ្យបានថាអនីតិជននឹងមិនត្រូវបានផ្តល់សេវាកម្មទាក់ទិននឹងគ្រឿងស្រវឹង ក៏ដូចជាការផ្សាយពាណិជ្ជកម្មទាក់ទាញឱ្យមានការប្រើប្រាស់នូវគ្រឿងស្រវឹងក្នុងវ័យមួយដែលមិនទាន់ស្របច្បាប់។”

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន អូន ក្នុងនាមអគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឆន្ទៈក្នុងសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ព្រមទាំងសមាគមនានា ដើម្បីស្នើទៅរាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើងនូវលិខិតបទដ្ឋានគតិយុត្តមួយដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង។

ការបង្ហាញគោលជំហរនេះ បានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ ហើយបានគាំទ្រយ៉ាងពេញទំហឹងឱ្យអគ្គនាយកដ្ឋាន ក.ប.ប. ជាស្ថាប័នឈានមុខក្នុងការចាប់ផ្តើមរៀបចំ និងតាក់តែងលិខិតបទដ្ឋានគតិយុត្តមួយដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹងនេះ។

គួររំលឹកផងដែរថាសិក្ខាសាលាបច្ចេកទេសខាងលើត្រូវបានប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចទិញគ្រឿងបានក្នុងព្រះរាជា ណាចក្រ ដែលការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A ព្រមទាំងមានការចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងអង្គការជាតិ-អន្តរជាតិ ព្រមទាំងតំណាងរបស់វិស័យឯកជនប្រមាណ ១០០នាក់។