ព្រៃវែងៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង។
ការដាក់សម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យស្រូវ-អង្ករកម្ពុជា។ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូល ទិញស្រូវពីប្រជាកសិករក្នុងខេត្តព្រៃវែង សំដៅចូលរួមរក្សាស្ថិរភាពតម្លៃស្រូវ ជាពិសេសក្នុងរដូវប្រមូលផល។
មានប្រសាសន៍ក្នុឱកាសនេះ លោកបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តឲ្យប្រជាកសិករ ប្រែក្លាយខ្លួនពីប្រជាកសិករធម្មតា ទៅជាប្រជាកសិករសហគ្រិន ព្រមទាំងទទួលយកការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការដាំដុះស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ និងរៀបចំផែនការប្រមូលផល ៕