ភ្នំពេញ៖ អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយក្រុមហ៊ុនកម្មសិទ្ធិបញ្ញា S&O. បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញណផលិតផល» ដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
អញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានអគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានសាខា អនុប្រធានសាខា ព្រមទាំងមន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលប្រារព្ធឡើង ក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងកញ្ញា ចន្ទ សេរីរដ្ឋា សហការីជាន់ខ្ពស់នៃក្រុមហ៊ុនកម្មសិទ្ធិបញ្ញា S&O។
នេះគឺជាវេទិការនិងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹងបន្ថែមជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. អាចកំណត់បានអំពីភាពខុសគ្នារវាងផលិតផលពិត និងផលិតផលក្លែងក្លាយដែលផ្តល់ការបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញការមកពីក្រុមហ៊ុន S&O ដែលជាក្រុមហ៊ុនមួយមានជំនាញច្បាស់លាស់ក្នុងការធ្វើជាភ្នាក់ងារតំណាងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនល្បីៗជាច្រើននៅលើពិភពលោក។
វគ្គបណ្តុះបណ្តាលនេះបានសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន នឹងស្ថាប័នអនុវត្តច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលជាវិធីសាស្រ្តមួយអាចកាត់បន្ថយនូវបញ្ហាប្រឈម និងភាពស្មុគស្មាញក្នុងការស្វែងរកបទល្មើសរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងធានាបានប្រសិទ្ធិភាពក្នុងអនុវត្តច្បាប់៕