ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ភាគីទាំងពីរបានពិភាក្សាលើចំណុចដែលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។
លោកបណ្ឌិត អ៊ិត សំហេង បានរំលឹកឡើងវិញនូវទំនាក់ទំនងការទូតល្អជាយូរមកហើយរវាងកម្ពុជា-អូស្រ្តាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី មានភាពស្និទស្នាល បង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេសក្នុងការដំណើរការដោះស្រាយវិវាទការងាររួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម។
លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា លោកធ្លាប់មកបំពេញបេសកកម្មនៅប្រទេសកម្ពុជាម្ដងរួចមកហើយកាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០២៣នេះ ក៏ទទួលបានបេសកកម្មជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជានេះម្ដងទៀត។
ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។
គួររំលឹកថា កន្លងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាមុន ដែលរហូតមកដល់ពេលនេះ កម្ពុជានិងអូស្រ្តាលីមិនទាន់មានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ៕
