លោកបណ្ឌិត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាអាចបន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់ រាជរដ្ឋាភិបាលនៅពេលឈ្នះការបោះឆ្នោត។
គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមានសមត្ថភាព ទើបអាចទទួលជោគជ័យ។ ក្នុងន័យនេះ យុវជនគឺជាកម្លាំងប្រតិបត្តិករយ៉ាងសំខាន់ ចំពោះការចូលរួមដោយផ្ទាល់ ក្នុងការបម្រើប្រទេសជាតិ តាមរយៈការចូលរួមជីវភាពនយោបាយ ក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
ដូច្នេះ យើងត្រូវបន្តរួមសាមគ្គីគ្នាឱ្យបានរឹងមាំ និងអនុវត្តគ្រប់ភារកិច្ចតាមឋានានុក្រមពីលើដល់ក្រោម ក្នុងការងារបម្រើប្រជាជន ហើយត្រូវលុបបំបាត់នូវរាល់សកម្មភាពអវិជ្ជមាន ដែលអាចបង្កការថ្នាំងថ្នាក់ដល់ប្រជាជន ដើម្បីធ្វើយ៉ាងណាធានាការពាររាល់ ផលប្រយោជន៍របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។
គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា គោលនយោបាយជាយុទ្ធសាស្ត្រ ក្នុងការពារសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នឹងត្រូវបានអនុវត្តបន្តទៅមុខ ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើង៕



