ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាគ្សា ជាមួយលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំកម្ពុជា

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារ និងជម្រាបលាពី លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។
 លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ។
លោកបានស្នើសុំឱ្យ ប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សតាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្រ្តាចារ្យជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា។
លោកស្រី ឯកអគ្គរដ្ឋទូត បានអរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែផ្តល់នូវកិច្ចសហការល្អជាមួយប្រទេសកាណាដា។
លោកស្រី ក៏បានលើកឡើងពីបំណង នៃកិច្ចសហការអភិវឌ្ឍធនធានមនុស្ស តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងសាលា ឬស្ថាប័នជំនាញផ្នែកហេដ្ឋរចនាសម្ព័ន្ធ នៃប្រទេសកាណាដា៕