ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនគណៈកម្មការ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដណ្តើមបានមេដាយក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ“ទូកនាគ” ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជួបសំណេះសំណាលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់គណៈកម្មការ គ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅក្រុងកំពត ខេត្តកំពត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
នេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនដល់គណៈកម្មការ គ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក នាក្រុងកំពត ខេត្តកំពត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ អនុប្រធានទី១សហព័ន្ធ បានសម្ដែងនូវសេចក្តីសោមន្សរីករាយ, កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អប្រសើរ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ ជាពិសេស កីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ទេពកោសល្យ ក្នុងការប្រកួតប្រជែងរហូតដណ្តើមបានមេដាយសរុបចំនួន ០៨គ្រឿង ក្នុងនោះ មេដាយមាសចំនួន ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៤គ្រឿង ដែលនេះជាតួលេខដ៏ល្អប្រសើរលើសពីផែនការរបស់សហព័ន្ធ ដែលបានដាក់ជូនគណៈកម្មាធិការជាតិ CAMSOC នាមុនពេលប្រកួត។
លោកអនុប្រធានទី១សហព័ន្ធ បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយមាសសរុប ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុបទាំងអស់មានចំនួន ២៨២គ្រឿង ឈរនៅលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលទ្ធផលខាងលើនេះបានបំបែកនូវកំណត់ត្រា នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយគឺពិតជាព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្ត្រធំមួយ ដែលបានលើកតម្កើងមុខមាត់ជាតិទាំងមូល ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕