កណ្តាល៖ ក្នុងឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
នេះយោងតាមការបញ្ជាក់ឲ្យដឹងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ចំនួន ១៩,០០៤នាក់ មកពីរោងចក្រ សហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។
ចំណែកនៅរាជធានីភ្នំពេញឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ ៕