ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កីឡា ក្រសួងមហាផ្ទៃកម្ពុជា ៤៨នាក់ នឹងទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា

facebook sharing button
ភ្នំពេញ ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។
ប្រតិភូកីឡា ក្រសួងមហាផ្ទៃកម្ពុជា ចំនួន៤៨នាក់ នឹងធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅកាណាដា ចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញ ទៅចូលរួមប្រកួតនៅប្រទេសកាណាដា ដែលជាបេសកកម្មដ៏មានសារៈសំខាន់នេះ មិនត្រឹមតែសម្រាប់ក្រសួងមហាផ្ទៃ ប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសជាតិ ទាំងមូល»។

សម្ដេចក្រឡាហោម បានកោតសរសើរចំពោះកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជ័យជំនះក្នុងការប្រកួតទាំងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់ រួមទាំងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ការរៀបចំកីឡានគរបាល និង កងពន្លត់អគ្គិភ័យពិភពលោក ដើម្បីបង្ហាញពីសមាគ្គីភាព សមត្ថភាព និងទេព្យកោសល្យ របស់កងនគរបាល នៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង៧០ បានចាត់បញ្ជូនប្រតិភូកីឡា ចូលរៀងរាល់ការប្រកួត ហើយកម្ពុជា ធ្លាប់បានបញ្ជូនប្រតិភូ កីឡាចូលរួមចំនួន ២លើក ក្នុងចំណោមការរៀបចំចំនួន២០លើក ។ កីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ ១៣ប្រភេទកីឡា រួមមាន៖ កីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡា វាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះ ឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាច់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting៕