លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីគ្រប់ជនថ្នាក់ នៃក្រសួងកសិកម្ម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ។
យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ៕