លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Rajesh Kazi SHRESTHA ប្រធានសភាពាណិជ្ជកម្មនេប៉ាល់ បានចុះអនុស្សារណៈយោគយល់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ។
ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម គឺ ផ្លាស់ប្ដូរព័ត៌មានអំពីទំនាក់ទំនងពាណិជ្ជកម្ម ទីផ្សារ និងសេដ្ឋកិច្ចដែលមានស្រាប់ ក្នុងគោលបំណងលើកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជា-នេប៉ាល់។
ផ្ដល់ការគាំទ្រទៅវិញទៅមកដល់ការបំពេញទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូនៃសភាពាណិជ្ជកម្មទាំងពីច ។ផ្លាស់ប្ដូរព័ត៌មានការបោះពុម្ពផ្សាយអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជ កម្ម និង ការវិនិយោគបរទេស និងការបោះពុម្ពផ្សាយផ្សេងទៀតរបស់សភាពាណិជ្ជកម្មទាំងពីរ។
ចូលរួមក្នុងពិព័រណ៍ សិក្ខាសាលា សន្និសីទ និង ព្រឹត្តិការណ៍នានា ដែលមានក្នុងប្រទេសទាំងពីរក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងសមាជិកសភាពាណិជ្ជកម្មទាំងពីរនិងគាំទ្រដល់ការដោះស្រាយជម្លោះពាណិជ្ជកម្មដោយសន្តិវិធីដែលកើតមានក្នុងប្រតិបត្តិការធុរកិច្ចរវាងសមាជិកសភាពាណិជ្ជកម្មទាំងពីរ។
លើសពីនេះ ផ្លាស់ប្ដូរគំនិតយោបល់ក្នុងការពង្រឹងទំនាកទំនងធុរកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរផងដែរ។




