(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិត ផល១ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «ស្តង់ដារចំណីអាហារជួយ សង្រ្គោះជីវិត» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ថ្លែងក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនេះ លោក ផាន អូន បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាប្រធានគណៈកម្មាធិការកូដិចជាតិ និងជាស្ថាប័នមួយដែលផ្ដល់អាណត្តិដោយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ក្នុងការដឹកនាំសម្របសម្រួលការគ្រប់គ្រង គុណភាព សុវត្ថិភាពផលិតផល ទំនិញ និងសេវា មានទស្សនៈមួយថា ដើម្បីធានាឱ្យបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ គឺទាមទារការបង្កើតឱ្យមានយន្តការសហការប្រកបដោយភាពប្រទាក់ក្រឡាគ្នាលើការផ្តល់ព័ត៌មានទៅវិញទៅមកអំពីហានិភ័យនៅក្នុងខ្សែចង្វាក់ម្ហូបអាហារ (Risk Communication) រវាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
ជាមួយគ្នានេះ កម្ពុជាត្រូវចូលរួមឱ្យបានសកម្មថែមទៀតនៅក្នុងសកម្មភាពអភិវឌ្ឍន៍ស្តង់ដារម្ហូបអាហាររបស់គណៈកម្មាធិការកូដិចអាលីម៉ិនតារីស (Codex Alimentarius) តាមរយៈការរៀបចំកែ សម្រួល និងដំណើរការ គណៈកម្មាធិការកូដិចជាតិឱ្យបានសមស្រប។
