ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន​អញ្ជេីញជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយលោក​​ឡាន ធានលី(Lan Tianli)អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

ចិន៖ ទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បាប​​អនុញ្ញាតឱ្យ លោក​​ ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ​ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក​​អភិបាល និងគណៈប្រតិភូ, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ទីក្រុង និងប្រជាជនណាននីង ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា និងបានគូសបញ្ជាក់អំពីផ្លែផ្កាដែល សម្ដេចធិបតី ទទួលបានពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោក​​ អភិបាលបានវាយតម្លៃខ្ពស់ចំពោះ ការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍របស់ សម្ដេចធិបតី និងគណៈប្រតិភូ ដែលនេះបញ្ជាក់អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិន, និយាយជារួម, និងចំពោះទីក្រុងណាននីង, និយាយដោយឡែក។
លោក​​អភិបាល ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មកប្រទេសកម្ពុជា កាលពីខែមេសាឆ្នាំ ២០២៣ គឺដើម្បីពិនិត្យមើលការរីកចម្រើន, វិបុលភាព និងវឌ្ឍនភាពរបស់កម្ពុជា ព្រមទាំងដើម្បីគោរពអញ្ជើញ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងតំបន់ដទៃទៀត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
លោក​​អភិបាល ក៏បានរំលេចបន្ថែមថា ឯកឧត្ដម បានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាដែល សម្ដេចធិបតី បានថ្លែងនៅក្នុងឱកាសនៃការបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ កាលពីពេលព្រឹកមិញ ហើយលោក​​បានឯកភាពទាំងស្រុង ចំពោះទស្សនវិស័យដែល សម្តេចធិបតី បានលើកឡើង។
ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល, សម្ដេចធិបតី បានអរគុណ ឯកឧត្តមអភិបាល និងបានឯកភាពចំពោះការបញ្ជាក់របស់លោក​​ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង, ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានស្នើឱ្យលោក​​អភិបាល ពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន ដើម្បីបញ្ចប់ និងសម្រេច ប្រកបដោយផ្លែផ្កា និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
ជាការឆ្លើយតប, ឯកឧត្តមអភិបាល បានគោរពជម្រាបជូន សម្ដេចធិបតី ថា លោក​​ និងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការ និងខិតខំធ្វើការងារជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា។ ​
លោក​​អភិបាល បានគោរពអរគុណសារជាថ្មី ចំពោះការអនុញ្ញាតឱ្យលោក​​និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី។ លោក​​អភិបាល ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករឭកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូ ធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕