ភ្នំពេញ៖ នៅវិមាន៧មករា រសៀលថ្ងៃទី២៨ កញ្ញា ឆ្នា២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ បានអនុញ្ញាតឲ្យលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ។សម្តេចតេជោ ហ៊ុន សែន និង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់ប្រទេសកម្ពុជា ដែលបានបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។
លោក សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ឆ្លើយតបថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបសំដែងការគួរសម សម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលលោកសូមវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច ហើយក៏បាន រៀបរាប់ពីលទ្ធផល នៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនថែម ទៀត។
លោកនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណ ចំពោះពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយឯកឧត្តមបានធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាង នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោក៏បានអធិប្បាយត្រួសៗ អំពីការសម្រេចចិត្តរបស់សម្តេចក្នុងការផ្ទេរអំណាច ទៅឲ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមទ្ធិផលដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត។
សម្តេចតេជោក៏បានរំលឹកឡើងវិញ ពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំកន្លងមក។
សម្តេចតេជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺ៖
ទី១)ប្រែក្លាយតំបន់សមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ និង
ទី២)ប្រែក្លាយព្រំដែន ប្រកបដោយការភ័យខ្លាច សង្គ្រាម ឲ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
សម្តេចតេជោបន្តថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវនិងវៀតណាមផងដែរ។ សម្តេចបានមានប្រសាសន៍បន្ថែមថា ប្រទេសជាប់ភូមិផងរបង ជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសម យុទ្ធ ក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹក ជំនន់ និងការជួយគ្នាទៅវិញទៅវិញទៅមកជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែនសម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺ។ល។
លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងបានលើកឡើងថា ឯកឧត្តម បានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានថ្លែងនូវការកោតសរសើរជូនចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕










