ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានអញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២៣បិណ្ឌ៩នេះ អញ្ជើញមកកាន់បិណ្ឌទី៩នៅវត្ដមុន្នីសុវណ្ណ(ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជនដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែរ។

ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស និងថវិកាដល់ព្រះសង្ឃចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។

ជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន។
នៅក្នុងឱកាសដ៏មហោឡាឬក្សនេះ សម្តេចទាំងទ្វេបានឧទ្ទិសសុំឲ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទរហូតដល់ថៃ្ងទី១៤រោចដែលមាន រយៈ ពេល១៤ថ្ងៃ ដោយហៅថាបុណ្យកាន់បិណ្ឌ១,បិណ្ឌ២ រហូតដល់បិណ្ឌ១៤និងនៅថៃ្ង១៥រោច គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។
សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី១៤ តុលា ឆ្នាំ២០២៣ ៕