ភ្នំពេញ ៖ លោកបណ្ឌិត រស់ ច័ន្ទត្រាបុត្រ អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ បានលើកឡើងពីប្រវត្តិសាស្រ្តខ្លះៗទាក់ទង“តំបន់បឹងវាលសំណាប ឬ តំបន់ទួលបាសាន្ត” ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានដឹងអំពីប្រវត្តិ ខណៈពលរដ្ឋមួយចំនួនមិនសូវបានដឹង។
លោកបណ្ឌិតបានបង្ហាញថា បឹងវាលសំណាប ជាតំបន់អតីតរាជធានីខ្មែរមុនគេ ក្រោយសម័យអង្គរ ក្នុងរាជ្យព្រះបាទ ពញាយ៉ាត បានចាកចេញពីអង្គរ។ ឯព្រះ បាទស្រីសុរិយោពណ៌ (ដើមសតវត្សទី១៧) ក៏បានរៀបចំរាជធានីនៅល្វាឯមនេះដែរ ដោយយោងទៅលើភូមិយុទ្ធសាស្ត្រ។
លោកថា តំបន់នេះ ក៏ជាទឹកដីយុទ្ធសាស្ត្រ ដែលមានទន្លេមេគង្គ ,ទន្លេតូច , បឹងតូចធំ៤ និងបឹងវាលសំណាបព័ទ្ធការពារជុំវិញ ហើយអាចចេញទៅដល់ស្រុក យួនទៀត តាមទន្លេតូច។
លើកលើកឡើងទៀតថា ជាមូលដ្ឋានប្រមូលកម្លាំង ទ័ពទៅប្រយុទ្ធវាយរំដោះទឹកដីមហាពីការគ្រប់គ្រងរបស់សៀម (២ដង) ក្នុងសម័យព្រះបាទស្រីសុរិយោទ័យ និងព្រះបាទពញាយ៉ាត (សតវត្សទី១៤-១៥)។
ក្នុងនោះ ព្រះបទុមវរវង្ស បានជួបនាងនាគ ឬនាង ស នៅទីនោះ (ស្រីសឈរ-ស្រីសន្ធរ-ស៊ីធរ) ។
ជាមួយគ្នានេះ ព្រះមហាក្សត្រខ្មែរ ដែលបានឆ្លងកាត់ រស់នៅ សោយរាជ្យនៅទីនោះរួមមាន៖
– ព្រះទុមវរវង្ស
– ព្រះបាទបក្សីចាំក្រុង
– ព្រះស្រីសុរិយោទ័យ
– ព្រះបាទពញាយ៉ាត
– ព្រះបាទស្រីសុគន្ធបទ
– ព្រះស្តេចកន
– ព្រះសត្ថា
– ព្រះបាទរាមាជើងព្រៃ
– ពញានន់។ល។
សូមបញ្ជាក់ថា ដីបឹងវាលសំណាប មានទំហំ៤៨១៥ហិកតា ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជាជម្រកត្រីពងកូន សម្បត្តិធម្មជាតិជីវចម្រុះ និងជាបឹងទន្លេសាបទី២ របស់ពលរដ្ឋនេសាទត្រី ៕
