ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិក្ខាកាមជាង១ម៉ឺន អង្គ/នាក់ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ

ពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការរៀបចំឱ្យមានការជួបជុំទូទាំងប្រទេសសម្រាប់អាចារ្យ អាចារិនី ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមដល់ការលើកកម្ពស់ និង ការពង្រឹងវិស័យធម្មការ និង សាសនាឱ្យកាន់តែប្រសើរ ។

ក្រសួងធម្មការ និង សាសនា បានសិក្សាស្រាវជ្រាវ ដើម្បីចងក្រងឯកសារគោល និង ប្រមូលផ្តុំធនធានឧទ្ទេសាចារ្យ សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌ អាចារ្យខ្មែរ ជូនអាចារ្យ អាចារិនី ជាបន្តបន្ទាប់ ។

ជាមួយគ្នានោះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាលបានចំនួន ៤៥ វគ្គ ដោយមានសិក្ខាកាមជាអាចារ្យ អាចារិនី មកពីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសមានចំនួន ១២ ៥១៧ អង្គ/នាក់ បាននិមន្ត និង អញ្ជើញចូលសិក្សារួចមកហើយ ។

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រដល់ក្រសួងធម្មការ និង សាសនាឱ្យបន្តអនុវត្តការងារនេះឱ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាលនេះ គឺ ជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុងសង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងពិធីសាសនា និង ពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស, ការអភិវឌ្ឍ វប្បធម៌ និង សាសនារបស់ជាតិ៕ ដោយ៖ កន ចំណាន