ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា

លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ កាលពីរសៀលថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ លោក​រដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម​ និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់​ ដឹងពីទំហំផ្ទៃដី​ក្នុងការអនុវត្តជាក់ស្តែង​ គម្រោងចំណាយជាក់លាក់​ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ​ ទទួលបានផលចំនេញពិតប្រាកដ។

លើសពីនេះ​ លោករដ្ឋមន្រ្តី​ បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា​ (MoU) ត្រូវមានភាពបុរេសកម្ម​ និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា​ ទើបអាចវិនិយោគប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់​ ព្រមទាំងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សូមរំឭកជូនថា​ យោងតាមស្មារតីនៃកិច្ចជំនួបរវាង​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាមួយលោក​ Manuel Marrero Cruz នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រទេសគុយបា​ ក្នុងដំណើរទស្សនកិច្ចមកកាន់ក​ម្ពុជាកាលពីថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២២​ សម្តេចតេជោ​ អតីតនាយករដ្ឋមន្ដ្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ជំនួយអង្ករចំនួន​ ៦ពាន់តោន និងសន្យាផ្តល់នូវជំនួយបច្ចេកទេសកសិកម្ម​បន្ថែមទៀតដល់ប្រទេសគុយបា​ ព្រមទាំងស្វាគមន៍អ្នកជំនាញការកសិកម្ម​ ដើម្បីមកសិក្សាស្វែងយល់​ និងដកពិសោធន៍លើបច្ចេកទេសដាំដុះកសិកម្ម​ ជាពិសេសដំណាំស្រូវកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា ​កិច្ចប្រជុំនេះ​មានគោលបំណងពិភាក្សាពីការពិសោធ និងវាយតម្លៃភាពសមស្របនៃប្រភេទពូជស្រូវរបស់កម្ពុជា​ ដើម្បីដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា​ ដោយកម្ពុជាមានបំណង​នាំយកពូជ​ស្រូវកង្រី​ ពូជស្រូវស្រង៉ែថ្មី​ និងពូជផ្សេងទៀត​តាមការសម្រេចរបស់ភាគីទាំងពីរ​ និងផ្តល់បច្ចេកទេស​ សម្ភារៈកសិកម្មចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការពិសោធ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការវិនិយោគស្រូវអង្កររបស់កម្ពុជា​នៅសាធារណរដ្ឋគុយបា៕