ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៥ទៀតមានទុនជាង៩០០ លាន​ដុល្លារ បានទទួលការលើទឹកចិត្តពី​ក្រុមការងារជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជា​ប្រធានក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ​លើក​ទី១១ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការ​លើក​ទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ «កម្មវិធី​ពិសេស​ជំរុញការវិនិយោគក្នុង​ខេត្តព្រះ​សីហនុ ឆ្នាំ២០២៤» ដោយបាន​សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ ដែលមានទុនវិនិយោគ​សរុប៩១៧ លានដុល្លារអាមេរិក។

គម្រោងដែលទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំងនោះមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មី ចំនួន ១២ និងការពង្រីកគម្រោងចំនួន១ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារ។ក្នុងគម្រោងទាំងនេះមានដូចជា​រោងចក្រ​ផលិតសម្ភារ​បរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិត​សម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់​នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។

ក្នុងចំណោមគម្រោងដែលទទួលបានការលើកទឹកចិត្តខាងលើ ក៏មាន​គម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគ​ដោយជនជាតិប៉ូឡូញ ដើម្បីទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេស​នានា ។ ទន្ទឹមនេះវិស័យឯកជនជាច្រើនកាន់តែយល់ដឹង និងបាន​សម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសចាប់តាំងពី​ពាក់កណ្តាលឆ្នាំ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬផ្តោតការវិនិយោគលើវិស័យនានា ក្រៅពីកាស៊ីណូ ។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជាកាលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេច​ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន ១៤០ គម្រោងរួច​មក​ហើយ​គិតត្រឹមខែកញ្ញាកន្លងទៅ ហើយបើរាប់បញ្ចូលទាំងគម្រោង​ដែល​ទទួលបានការឯកភាពជាគោលការណ៍ គិត​ត្រឹម​ខែតុលានេះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសសរុបចំនួន ១៦៥ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំរបស់ម្ចាស់​គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាព​នៅគ្រប់ក្រុងស្រុកនៃ​ខេត្ត​ព្រះ​សីហនុ ក្នុងនោះ គម្រោងដែលមាន​ទុនវិនិយោគលើសពី ១០០ លានដុល្លារមានចំនួន ២៣ គម្រោង ។

ក្នុងចំណោមគម្រោងទាំង១៦៥, គម្រោងពាក់ព័ន្ធនឹងអគារ​ជាប់​គាំងមានចំនួន ៨៥, គម្រោងថ្មី មានចំនួន៦១, ការពង្រីកគម្រោង មានចំនួន ១៥ និង គម្រោងមានស្រាប់មានចំនួន ៤ ។ គម្រោងទាំង​នេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជ​កម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុង​ខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យ​គោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញ​ដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕ ដោយ៖ កន ចំណាន