យោងតាមរបាយការណ៍មិនទាន់បានធ្វើសវនកម្មបានឱ្យដឹងថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះកំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជាង ៣,៥ លានតោន កើនឡើងជិត១៤ភាគរយ ,បរិមាណកុងតឺន័រឆ្លងកាត់មាន ៣៦៥ ៩៨៧ ធីអ៊ីយូកើនជិត២០ភាគរយ ,បរិមាណនាវាសរុបមានជាង៤ពាន់ កើនឡើងជាង២៥ភាគរយ, បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៤៤៥ កើនឡើងជាង២៦ភាគរយ និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ២៣ ៦៦៧ កើនឡើងប្រមាណ៦៦ភាគរយ។នេះបើយោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។
ប្រភពដដែលបន្តថាសម្រាប់តែខែកញ្ញាកន្លងទៅថ្មីៗនេះកំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ ៤២ ៤ ៤៤៧ តោន ធៀបនឹងខែកញ្ញាឆ្នាំ២០២៣ ដែលមានចំនួន៣៣៧ ៦០០តោន កើនជាង ២៥ភាគរយ និងបរិមាណកុងតឺន័រឆ្លងកាត់មាន ៥២ ២៨៣ ធីអ៊ីយូកើនជាង៤៥ភាគរយ ,បរិមាណនាវាសរុបមានចំនួន ៤៥៣ គ្រឿង កើនឡើងជាង១៣៤ភាគរយ និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ២ ៤៣៥ នាក់កើនឡើងប្រមាណ១១ភាគរយ។
ដោយឡែកយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៤០,៩៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៥,១៦ ពាន់លានដុល្លារ។ក្នុងនោះកម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់១៦,៩៤ ពាន់លានដុល្លារ។ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩ភាគរយ៕