ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ុក ប៉ាន់ តំណាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤

លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ បិទមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ ដែលបានប្រព្រឹត្តជាលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ។ក្នុងឱកាសបិទកម្មវិធី លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណទៅដល់ក្រុមការងាររបស់មហោស្រពមុខវិជ្ជា និងការងារមេគង្គ ក៏ដូចជាក្រុមការងារ Festival ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ នេះឡើង។

លោករដ្ឋលេខាធិការ បន្ថែមថាកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គ មាននូវធាតុផ្សំគន្លឹះជាច្រើនដើម្បីតភ្ជាប់យុវជន សិស្សានុសិស្ស អ្នកស្វែងរកការងារ ជាមួយនឹងអ្នកជំនាញ ធុរជន និងបុគ្គលដែលផ្តល់ជាបញ្ញា ការឈ្វេងយល់ និងអនុសាសន៍ អំពីការអនុវត្តជាក់ស្តែងចេញពីបទពិសោធការសិក្សា និងបទពិសោធការងារ នៃស្ថាប័នរដ្ឋ និងស្ថាប័នឯកជននានា រួមទាំងផ្តល់ឱកាសសម្រាប់និយោជិតស្វែងរកការងារ និងនិយោជកពិនិត្យរកមើលយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពក្នុងការបំពេញកិច្ចការងារផងដែរ។លោក ប៉ុក ប៉ាន់ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គ ដែលកម្មវិធីបានពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងអាជីពសក្តានុពលចំនួន ៩ដូចជា (១)បច្ចេកវិទ្យាកសិកម្ម (២)អ្នកវិទ្យាសាស្ត្រ (៣)អ្នកបង្កើតមាតិកាឌីជីថល (៤)វិស្វករបញ្ញាសិប្បនិម្មិត (៥)សិល្បៈ និងការរចនា (៦)ឧស្សាហកម្ម (៧)វេជ្ជសាស្ត្រ (៨)វិទ្យាសាស្ត្រទិន្នន័យ និង(៩)បច្ចេកវិទ្យាអាហារ ដែលជំនាញទាំងអស់នេះសុទ្ធតែជំនាញដែលមានតម្រូវការទីផ្សារ និងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

មុននឹងបញ្ចប់ លោករដ្ឋលេខាធិការ បានរំលឹកអំពីសារៈសំខាន់នៃការចូលរួម និងការសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចែករំលែកចំណេះដឹង បទពិសោធ ការលើកកម្ពស់លទ្ធភាពការងារ ការផ្សព្វផ្សាយពីឱកាសការងារ កម្មវិធីបណ្តុះបណ្តាល កម្មវិធីសិក្សា វគ្គខ្លីៗ និងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈផ្សេងទៀត ក៏ដូចជាបំពេញចន្លោះប្រហោងក្នុងការផ្តល់នូវបទពិសោធ បរិវត្តកម្ម និងការតម្រង់ទិសសម្រាប់យុវជនដែលជាចំណុចសំខាន់ នៃដំណើរឆ្ពោះទៅការជ្រើសរើសអាជីពការងាររបស់ពួកគេ៕
ដោយ៖ ប៉ោ កុសល