ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលជំនាញ ត្រូវបន្ដពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសព័ត៌មានសន្ដិសុខ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំខែតុលា និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរព័ត៌មានជាមួយប្រទេសដទៃនេះ ជាកត្តាសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបង្កចលាចលក្នុងប្រទេសកម្ពុជា។ នាយឧត្តមសេនីយ៍ បន្តថា ផែនការងារសន្ដិសុខ ត្រូវតែបន្ដយកចិត្តទុកដាក់ពង្រឹងលើការងារនេះ ពោលប្រសិនស្រាវជ្រាវរកឃើញត្រូវតែបង្ក្រាបឱ្យខាងតែបាន។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រទេស ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឱ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងដាច់ខាតត្រូវតែគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនត្រូវអនុវត្តអ្វីដែលលើសពីតួនាទីភារកិច្ចនោះទេ។
ដោយឡែក សម្រាប់ទិសដៅបន្ដមួយទៀត ក្នុងខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ ស ថេត បានរំលឹកដល់អំពីការងារសំខាន់ៗមួយចំនួនចំពោះមុខ ពិសេសការរៀបចំព្រឹត្តិការណ៍នានា ត្រូវតែយកចិត្តទុកដាក់ធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានគត់មុត៕