ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភាពសកម្មរបស់និស្សិតកម្ពុជាទាំងក្នុងការសិក្សា និងការចែករំលែកអំពីវប្បធម៌ខ្មែរនៅក្នុងប្រទេសចិន ត្រូវបានកោតសរសើរ និងវាយតម្លៃខ្ពស់

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនដឹកនាំដោយលោកសាស្ត្រាចារ្យ LI Luming សាកលវិទ្យាធិការ សាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ដោយក្នុងជំនួបនេះលោកសាស្ត្រាចារ្យ LI Luming បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យរបស់លោកទាំងក្នុងការសិក្សា និងការចែករំលែកអំពីវប្បធម៌ខ្មែរ។

លោកសាស្ត្រាចារ្យសាកលវិទ្យាធិការក៏បានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពិសេសការបង្កើតកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ដោយបច្ចុប្បន្ននេះ និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tsinghua មានចំនួន១៧នាក់ ក្នុងនោះ និស្សិតថ្នាក់ក្រោយឧត្តមសិក្សាមានចំនួន ១៤នាក់។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យ Tsinghua ដែលតែងតែយកចិត្តទុកដាក់លើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងសូមឱ្យសាកលវិទ្យាល័យ Tsinghua ពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សារួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលមានភាពលេចធ្លោនៅកម្ពុជា និងផ្តល់អាហារូបករណ៍ដើម្បីឱ្យនិស្សិតកម្ពុជាកាន់តែច្រើនមានឱកាសទៅសិក្សានៅសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវកិច្ចស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕ ប្រភព៖ ក្រសួងអប់រំ