គណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងដំណើរទស្សនកិច្ចនៅហុងគ្រីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ជនរួមជាតិថា «ខ្ញុំនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២។ នៅក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំជាមួយគ្នាផងដែរ»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា «ក្រោយពីទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា រួចហើយ ខ្ញុំនឹងបន្ដំណើរទៅកាន់ប្រទេស Tajikistan ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូស្ហាន់បេ (Dushanbe)»។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រីលើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។ តាមការគ្រោងទុក ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន។
ក្រោយពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។
នៅក្នុងសន្នសីទកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា «អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA»។
ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋារដ្ឋាភិបាលនៃប្រទេសមួយចំនួនផ្សេងទៀតផងដែរ៕