ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅរសៀលថ្ងៃនេះ ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញ​មកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

លោក ជិន ថាញ់មិន( Tran Thanh Man )ប្រធាន​រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំ​គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញ​ទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​នៃកម្ពុជា។គណៈប្រតិភូនឹងអញ្ជើញមកដល់កម្ពុជានៅម៉ោង​២និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីក​កិច្ច​​សហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែមាន​ភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល។

ក្នុងអំឡុងពេលទស្សនកិច្ច លោក ជិន ថាញ់មិន និងគណៈ​ប្រតិភូ នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភា​​​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។ បន្ទាប់មក លោកប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀត នឹងអញ្ជើញ ជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារ​រដ្ឋបាលថ្មីរបស់រដ្ឋសភាដែលជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា។

លោក ជិន ថាញ់មិន និងគណៈប្រតិភូ គ្រោងនឹងចូល​ក្រាបថ្វាយ​បង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, ជំនួបសម្តែង​ការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា, ជំនួបសម្តែងការគួរសមជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ផងដែរ។

គណៈប្រតិភូសភាវៀតណាម ក៏គ្រោងចូលជួបសម្តែងការ​គួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជំនួបសម្តែងការគួរសម ជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ក្នុងឱកាសស្នាក់នៅនិងបំពេញទស្សនកិច្ចនេះដែរ លោក ជិន ថាញ់មិន អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និ​សីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងថ្លែង​សុន្ទរកថា ក្នុងពិធីបើកសម័យប្រជុំពេញ អង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕