លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានការជ្រោមជ្រែង និងមានការចូលរួម។
នៅក្នុងកិច្ចប្រជុំករណីលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យនៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែធ្នូម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានយន្តការក្នុងការដោះស្រាយ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយការគិតគូរឱ្យមានការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជាជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជាឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅមុខបានដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធយកករណីអគារអតីតសណ្ឋាគារអង្គរមានជ័យ គឺជាការដកបទពិសោធន៍ សម្រាប់ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាក្រុង ខេត្តនានា ដូចជា ក្រុងបាត់ដំបង ខេត្តព្រះសីហនុ ជាអាទិ៍៕ដោយ៖ កន ចំណាន