លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវតែចូលរួមថតអោយបានគ្រប់ទិដ្ឋភាពហើយផ្សាយអោយទូលំទូលាយ ពីព្រឹត្តការណ៍ “សាទរកម្ពុជា” ដែលជាព្រឹត្តិការណ៍ដ៏ធំ និងដំបូងគេនៅកម្ពុជា ។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសឯកឧត្ដមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ «សាទរកម្ពុជា» នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន ។
លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ព្រឹត្តការណ៍ “សាទរកម្ពុជា” ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ គឺជា ព្រឹត្តិការណ៍សាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក បង្ហាញវិសេសភាព ភាពប្លែកនៃអត្តសញ្ញាណ និងតម្កើងវឌ្ឍនភាពនៃប្រទេសកម្ពុជា ។លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំ និងទម្រង់បង្ហាញផ្សេងៗ គឺជាចរិតរបស់មហាជនដែលចូលរួមពីគ្រប់ស្រទាប់ទាំងអស់ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវតែចូលរួមថតអោយបានគ្រប់ទិដ្ឋភាពហើយផ្សាយអោយទូលំទូលាយ ដើម្បីញ៊ាំងឱ្យព្រឹត្តិការណ៍ទាំងមូលកាន់តែអធិកអធមថែមទៀត។
សូមបញ្ជាក់ថា យោងតាមពិធីការ នៅក្នុង ព្រឹត្តិការណ៍ជាតិដ៏ធំដូចនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រុមហ៊ុនឯកជនគ្រប់ទម្រង់ទាំងអស់នឹងទៅចូលរួមផ្តិតយករូបភាពហើយផ្សាយបន្តផ្ទាល់ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិអាចទទួលបានព័ត៌មាននេះភ្លាមៗដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមកម្ពុជាមួយដែលប្រកប ដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ ព្រមទាំងបង្ហាញពីការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅមុខព្រះបរមរាជវាំង នឹងមានក្បួនដង្ហែដ៏ធំ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ ដែលជាតារាកំពុងពេញនិយមក្នុងស្រទាប់មហាជន ទៅបង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា៕
អត្ថបទ៖ ប៉ោ កុសល MoINFO APP