ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ សហគ្រិនវ័យក្មេង ប្រកបដោយថាមវន្ត និងវិស័យឯកជនរឹងមាំ ជាតួអង្គមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

នាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចថាមវន្ត និងបរិយាប័ន្ន” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឧកញ៉ា គួច ផេង តំណាងអង្គការបណ្ដាញសហគ្រិនសកលកម្ពុជា (GEN Cambodia) ​ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាស ពីវិស័យឯកជន និងសិស្សានុសិស្សជាច្រើនរូប។

លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនសកលកម្ពុជា (GEN Cambodia) ដែលបានសហការរៀបចំទិវាប្រកបដោយអត្ថន័យនេះឡើង និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានជាច្រើនរបស់ សមាគម ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់របស់សមាគមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា សហគ្រិនវ័យក្មេង ប្រកបដោយថាមវន្ត និងវិស័យឯកជន ដែលរឹងមាំ គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រិន ម្ចាស់អាជីវកម្ម និងវិស័យឯកជន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជាយើង។

លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យវិនិយោគិន សមាជិក សហគ្រិនវ័យក្មេង សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមគ្នាសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាព និងឯកទេសនីយកម្មរបស់ខ្លួន ដោយត្រូវតាមឱ្យទាន់ការវិវត្តន៍របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច-សង្គម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការប្រកួតប្រជែង ក្នុងយុគ្គសម័យឌីជីថល។ លើសពីនេះ ចាំបាច់ត្រូវរួមសហការគ្នាប្រកបដោយភាពបុរេសកម្ម និងអន្តរសកម្មបំផុតក្នុងការចាប់យកនូវកាលានុវត្តភាពជាសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់សុខមាលភាពសង្គមឱ្យកាន់តែប្រសើរ។

ឆ្លៀតនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសរំលេចថា ប្រធានបទនៃទិវាសហគ្រិនភាពកម្ពុជាឆ្នាំនេះ បានសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សហគ្រិនវ័យក្មេង ក្នុងការបង្កើតការប្រកួតប្រជែងលើអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយការច្នៃប្រឌិត បណ្តុះនូវឯកទេសនិងជំនាញជាក់លាក់ ក្តាប់បាននូវឱកាសថ្មីៗនៃការធ្វើធុរកិច្ចនិងវិនិយោគ ជាពិសេសការធ្វើការពាណិជ្ជូបនីយកម្មឌីជីថល៕ដោយ៖ កន ចំណាន