ភ្នំពេញ៖លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។
បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ លោករដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ដោយលើកនូវសុភាសិត “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ព្រោះបើខ្វះទឹកសម្រាប់ស្រោចស្រព នាំឱ្យប្រជាកសិករប្រឈមការខាតបង់៕