រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋ
ឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។
ការណែនាំបែបនេះរបស់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន
មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែ ត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ និងកិច្ចការងារព័ត៌មាននិងសាធារណមតិព្រោះក្នុងបរិបទបច្ចុប្បន្ន ការងារសាធារណមតិ កាន់តែស្រួចស្រាល ហើយក្រុមជនអគតិក៏បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយក្លែងក្លាយ និងមានចរិតបំភ្លៃ បំផ្លើស និងបំភ័ន្តកាន់តែច្រើនដែលចាំបាច់យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាក្នុងការផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា តួនាទីរបស់មន្ទីរព័ត៌មាន ជាជំនួយការដល់គណៈបញ្ជាការឯកភាពខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។
រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះហើយ ទើបក្រសួង ព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ ក្រសួងបានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មាន ដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនបំពុល។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់សារៈសំខាន់នៃកិច្ចសហការក្នុងចំណោមមន្ទីរអង្គភាពនៅតាមខេត្ត និងការគាំទ្រពីគណៈអភិបាលខេត្ត ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញ សហការជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។រដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តមន្ត្រីទាំងអស់ តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងផ្តល់បណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងទាំងអស់។
បើតាមប្រធានមន្ទីរព័ត៌មានស្តីទីខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងារដែលថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងលើកទឹសដៅផែនការសកម្មភាពការងារ ពិសេសបន្តគ្រប់គ្រងតាមដានព័ត៌មានក្លែងក្លាយ និងធ្វើការឆ្លើយតបដើម្បីបន្សាព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។ បន្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោទស្សន៍ក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។
សម្រាប់លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការងារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ក្នុងជីវិតប្រចាំថ្ងៃរបស់យើង គឺមិនអាចខ្វះព័ត៌មានបាននោះទេ។ ដូច្នេះហើយមន្ទីរព័ត័មាន គឺមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជនទូទៅ ដោយត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរឱ្យមានភាពទាក់ទាញ ហើយព្រឹត្តការណ៍ ដែលកើតឡើងនោះគួរដាក់ផ្សាយ ឬអត់ តើផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គម ហើយអ្នកសារព័ត៌មាន ក៏មានតួនាទីក្នុងការចូលរួមថែរក្សាស្ថេរភាពសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ៕