ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច និងលោក ណូ លីដា  បានអញ្ជើញអម រដ្ឋមន្ត្រី ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង

ភ្នំពេញ:  លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB
និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមករានេះបានអញ្ជើញអម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន​ និងក្រោយឆ្នាំ 2010 ជាពិសេស​ នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រេីប្រាស់នូវឯកសារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ លោកបណ្ឌិត​បានជម្រាបជូនថាកាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេសនាំចេញអង្ករទៅលក់ក្រៅប្រទេសជាទ្រង់ទ្រាយតូច។

លោកបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា​ ក្រោយពីមានការដាក់ចេញឯកសារគោលនយោបាយជំរុញការនាំចេញអង្ករ​ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើន​ និងបាននាំចេញអង្ករកេីនឡេីងជាបន្តបន្ទាប់ ជាពិសេសផលិតកម្មស្រូវតែម្តងបានកើនឡើងតាមទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ ក្នុងនាមជាធនាគារគោលនយោបាយរបស់រដ្ឋាភិបាល ធនាគារ ARDB ក៏ទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានផ្តល់ជាមូលនិធិពិសេសដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផ្តោតលើដំណាំស្រូវនិង ការនាំចេញអង្ករតែម្តង។

លោកបណ្ឌិតបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារARDB ក៏ បានចាក់ទុនចូលក្នុងវិស័យស្រូវអង្ករបានជាង២០៨លានដុល្លារហើយក្នុងនោះភាគច្រេីនលេីសលប់ជាទុនបង្វិលភាគតិចជាទុនវិនិយោគសម្រាប់ការកសាងឃ្លាំងនិងឡសម្ងួត ។ ក្រៅពីនោះមានទុនបង្វិលសម្រាប់ទិញស្រូវដើម្បីរក្សា ស្ថិរភាពតម្លៃស្រូវផង និងជំរុញការនាំចេញផង ។ក្រោយពីមានការធ្លាក់ចុះតម្លៃស្រូវដោយមិនសមហេតុផលកាលពីឆ្នាំ២០១៦ នោះ រាជរដ្ឋាភិបាលក៏បានទម្លាក់ទុនយ៉ាងច្រើននិងជាបន្តបន្ទាប់ក្នុងវិស័យស្រូវអង្ករតែម្តង។ ការដាក់ចេញនូវគោលនយោបាយនិងទម្លាក់ទុនជាបន្តបន្ទាប់នោះគឺ រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ និងគិតគូរពីជីវភាពប្រជាកសិករក៏ដូចជាលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ​  ជាពិសេសក្នុងពេលវិបត្តិកូវីដ១៩ តែម្តង រាជរដ្ឋាភិបាលបានបញ្ចេញទុនជាច្រើន ដើម្បីរក្សាលំនឹងជីវភាពកសិករ ក៏ដូចជា មិនមែនតែផ្នែកស្រូវអង្ករទេ មានទាំងការដាំដុះផ្លែឈើ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលទុនទាំងនោះបានលើកកម្ពស់វិស័យកសិកម្មទាំងមូល។

សរុបជារួមមកអ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមកចាប់តាំងពីដំណាក់កាល ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបន្ត ផ្តោតគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយរក្សាស្ថិរភាពតម្លៃកសិផល ព្រមទាំងរក្សា ស្ថិរភាពតម្លៃស្រូវ​ និងរក្សាលំនឹងជីវភាពរបស់កសិករក្នុងគ្រាមានវិបត្តិ និងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរិមា។

រូបភាព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ