ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក។
ជាការឆ្លើយតបនឹងវិទ្យុអាស៊ីសេរី (RFA Khmer), អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា «ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជា ជំនួសពូជស្រូវរបស់វៀតណាមវិញ»។
លោកបានបន្តថា «ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា “រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ” ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់រដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ»។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា «ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់ នៃទីផ្សារអង្ករលើសកលលោក ពីសំណាក់អ្នកជំនាញ ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវដល់បងប្អូនកសិករយើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត»។