ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ​នៅខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។
ក្នុងដំណេីរទស្សនកិច្ចនេះ​ រដ្ឋមន្ដ្រី​ បានចុះត្រួតពិនិត្យជាមួយប្រជាកសិករ​តាមបណ្តាសហគមន៍​នៅរោងចក្រអង្ករ ដេីម្បីឱ្យប្រជាកសិករទាំងអស់បានស្វែងយល់នូវមូលហេតុដែលនាំឱ្យស្រូវធ្លាក់ថ្លៃ​ ដោយបច្ចុប្បន្ននេះទីផ្សារនៃប្រភេទស្រូវ​ (អូអឹម​ ៥៤៥១)​​​ មានភាពឆ្អែត​ និងចាល់នៅក្នុងទីផ្សារប្រទេសវៀតណាម។
រដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា​សម្រាប់រោងម៉ាសុីនកិនស្រូវរបស់កម្ពុជាបានប្រឹងប្រែងអស់លទ្ធភាព​ និងសមត្ថភាពរបស់ខ្លួន​ក្នុងការស្រូបយកទាំងផលស្រូវ​ និងអង្ករ​របស់ប្រជាកសិករក្នុងស្រុក ដែលទស្សនកិច្ចនេះបានគូសបញ្ជាក់ដល់ប្រជាកសិករយ៉ាងច្បាស់ថា​ ទំហំស្តុកនៃរោងម៉ាសុីនមានស្តុកច្រេីនលេីសលប់ និងមិនអាចទទួលយកបន្ថែមទៀតបាន។
ជាកិច្ចបន្ទាប់​ រដ្ឋមន្ដ្រី​ បានបន្តដំណេីរជួបសំណេះសំណាលជាមួយសហគមន៍កសិករព្រៃវិហារ​ ដែលមានសមាជិក​ ៩៤៥នាក់​ ធ្វេីទៅលេីផលិតកម្មបន្លែ​ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។ ដោយឡែក​ ឯកឧត្តមរដ្ឋមន្ដ្រី​ លេីកឡេីងពីសារៈសំខាន់​ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រេីប្រាស់​ពូជស្រូវខ្មែរ​រួមមាន​ ពូជស្រូវសែនក្រអូប និងផ្ការំដួល​ ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ​ មានតម្រូវការទីផ្សារខ្ពស់​ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្ម​ផ្ទាល់​ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស​ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនេីបមានផែនការផលិតកម្មច្បាស់លាស់​ ទទួលបានកម្ចីការប្រាក់ទាប​ មានការគាំទ្រពីក្រសួងកសិកម្ម​ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។
ជាទីបញ្ចប់ រដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តឱ្យប្រជាកសិករមានការចូលរួម​ និងពិចារណារួមគ្នាក្នុងការឆ្លេីយតប​ឱ្យចំគោលដៅ​ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលេីអ្នកឆ្លៀតឱកាសកេងចំនេញដេីម្បីប្រជាប្រិយ​ និងអ្នកកេងចំនេញប្រយោជន៍នយោបាយ​តាមបណ្តេញសង្គម ដោយបានយក​ផលលំបាករបស់ប្រជាកសិករ​ និងវិស័យកសិកម្មជាចំណាប់ខ្មាំង​ ដេីម្បីផលចំនេញសេដ្ឋកិច្ច​ និងនយោបាយ៕