សំណើររបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងខណៈសន្តិសុខ និងសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១ឆ្នាំជាងមកនេះ ហើយទន្ទឹមនេះក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល ឈានទៅប្រើបញ្ញាសិប្បនិមិត្ម (AI)។
នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា
អីឡូវនេះយើងចាប់ផ្តើមនិយាយពីការទូតព័ត៌មាន ពីព្រោះ ប្រទេសនីមួយៗមានបញ្ហាដូចគ្នា រឿងបណ្តាញទំនាក់ទំនងសង្គម រឿងព័ត៌មានក្លែងក្លាយ រឿងបញ្ញាសិប្បនិមិត្ម ដែលជ្រៀតជ្រែកក្នុងវិស័យសារព័ត៌មាន។
សូមរំលឹកថា កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន លើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ។ បន្ទាប់មក ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នៅទីក្រុងដាណាំង ប្រទេសវៀតណាម ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានសហការគ្នាក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកលើកិច្ចសហប្រតិបត្តិការព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព។
ទន្ទឹមនេះ កាលពីថ្ងៃទី២៩ វិច្ចិកា ២០២៤ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងសោតទស្សន៍ជាមួយក្រសួងឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងស៊ីប្រទេសចិនលើការផ្សព្វផ្សាយព័ត៌មាន ការសហការផលិតខ្លឹមសារ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ហើយសម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD )ចូលរួមជាមួយកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានសហការជាមួយក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងការពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបានអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ានអោយចូលរួមផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ការដែលអាចធ្វើការទូតជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកបាន គឺទាល់តែវិស័យសារព័ត៌មាននៅកម្ពុជា មានប្រសិទ្ធភាព និងមានគុណភាព។ ហើយដើម្បីសម្រេចបានការងារនេះ ទាល់តែអ្នកសារព័ត៌មានកម្ពុជា មានសមត្ថភាពចំណេះជំនាញវិជ្ជាជីវៈសារព័ត៌មាននិងមានចំណេះដឹងលើក្រមសីលធម៌វិជ្ជាជីវៈ។
អាស្រ័យហេតុនេះ ក្រសួងព័ត៌មានបានបង្កើតមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៍មាន និងវិក្រឹត្យការ ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារព័ត៌មាន ហើយថ្មីៗនេះក្រសួងព័ត៌មានបានចុះអនុស្សារណៈយោគយល់គ្នាមួយជាមួយសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ បង្កើតមហាវិទ្យាល័យថ្មីមួយគឺ «មហាហាវិទ្យាល័យ សារព័ត៌មាន និងសោតទស្សន៍» ដើម្បីបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រលើជំនាញផ្សព្វផ្សាយ,សារព័ត៌មាន,សោតទស្សន៍ និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងបើកទ្វានៅថ្ងៃទី១៥មករាឆ្នាំ២០២៥ខាងមុខនេះ ។
ទន្ទឹមនេះ ក្រសួងព័ត៌មានកាលពីថ្ងៃទី៦សីហាឆ្នាំ២០២៤ បានប្រកាសដាក់អោយប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីមានភាពចាស់ទុំ និងមានគុណភាពដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកបាន។ពោលគឺនៅពេលដែលកម្ពុជាធានាបានសន្តិសុខព័ត៌មាន ដែលទី១ គឺ ប្រជាពលរដ្ឋទទួលបានសិទ្ធិទទួលបានព័ត៌មាន ។
ទី២៖ ព័ត៌មានរបស់កម្ពុជាមានគុណភាពដែលផ្តល់នូវ ចំណេះដឹង មានខ្លឹមសារ ជូនប្រជាពលរដ្ឋ និងទី៣ គឺ ព័ត៌មានរបស់កម្ពុជាមានសុវត្ថិភាពដែលជាព័ត៌មានត្រឹមត្រូវ ជឿជាក់ និងទុកចិត្តបាន។ ធ្វើដូចនេះបាន នោះវិស័យសារព័ត៌មាននៅកម្ពុជា ពោរពេញទៅដោយប្រសិទ្ធភាព និងគុណភាព ដែលផ្តល់លទ្ធភាពអោយវិស័យសារព័ត៌មាននៅកម្ពុជា ស្មើមុខ ស្មើមាត់ ស្មើសិទ្ធិជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក។ គឺនៅពេលនោះ ឋានៈរបស់កម្ពុជា អាចធ្វើអោយកម្ពុជាធ្វើការទូតព័ត៌មានជាមួយបណ្តាប្រទេសនៅសកលលោកដែលទំនាក់ទំនងផ្លូវការនេះអាចបង្រ្កាបប្រភពព័ត៌មានក្លែងក្លាយយ៉ាងមានប្រសិទ្ធភាព ពីព្រោះថា ព័ត៌មានក្លែងក្លាយបានប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិមិត្ម ក្នុងចេតនាបំពុលសង្គម ធ្វើអោយប្រទេសមួយវឹកវរ ចលាចល រុញប្រទេសមួយអោយស្អប់ខ្ពើមប្រទេសមួយ កើតអសន្តិសុខ កើតអំពើហិង្សា ដែលនេះទាមទារអោយបេសកកម្មប្រឆាំងព័ត៌មានក្លែងក្លាយត្រូវការកិច្ចសហការកម្លាំងបង្រ្កាបជាសកលមិនអាចខ្វះបាន៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)