កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Ali Akbar NAZARI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានេះដែរ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អ៊ីរ៉ង់ និងជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជាជាមួយជាមួយក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មអ៊ីរ៉ង់ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) ជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង ជាពិសេសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-អ៊ីរ៉ង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរអ៊ីរ៉ង់ដែលត្រូវការទៅមកប្រទេសទាំងពីរ៕