នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចតេជោ បានលើកឡើងថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាននៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃអាទិភាពការទូតសភា ដែលសម្តេចបានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត។
លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ លោក បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទាំងនេះ ធ្វើឱ្យសម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។
ឆ្លៀតនៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ប្រទេសទាំងពីរក៏បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល បច្ចេកវិទ្យា… ក៏ដូចជាកិច្ចខិតខំជំរុញការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរលោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។
នៅក្នុងស្មារតីដូចគ្នានេះ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអ៊ីរ៉ង់ ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។
សម្តេចតេជោ បានថ្លែងអំណរគុណ លោក Ali Akbar Nazari ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច នៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាពរយៈពេលវែង ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេន ដែលជាការប្តូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង និងបានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិឱ្យកាន់តែខ្ពស់ថែមទៀត។ សម្តេចតេជោ បានកោតសរសើរអំពីសមត្ថភាពខ្ពស់របស់អ៊ីរ៉ង់ នៅក្នុងវិស័យបច្ចេកវិទ្យា និងថាមពល។ សម្តេចតេជោ បានបន្តថា អ៊ឺរ៉ង់គឺជាប្រទេសមួយដែលអាចគាំទ្រកម្ពុជាពង្រឹងសន្តិសុខថាមពលរបស់ខ្លួន។
សម្តេចតេជោ ក៏បានរំលឹកអំពីការអញ្ជើញចូលរួមរបស់សម្តេចនៅក្នុងកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងតេអេរ៉ង់ កាលពីឆ្នាំ២០១២ និងបានសង្កេតឃើញនូវសក្តានុពលដ៏ធំធេងរបស់អ៊ឺរ៉ង់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍គាំទ្រឱ្យប្រទេសទាំងពីរលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូលទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។ ស្តែងចេញពីយន្តការនេះ ភាគីទាំងពីរអាចចាប់ផ្តើមជំរុញការរៀបចំកិច្ចព្រមព្រៀងស្តីពីការពារវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ សម្តេចតេជោបានលើកឡើងជាអនុសាសន៍ឱ្យអ៊ីរ៉ង់ផ្តោតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដោយងាកសម្លឹងមកទិសខាងកើត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចតំបន់ ដូចជាអាស៊ិប (RCEP) ជាដើម។
សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានចូលរួមសោកស្តាយនិងរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតរបស់លោក Ebrahim Raisi ប្រធានាធិបតី នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា ឆ្នាំ២០២៤ និងជាមួយគ្នានេះ តាមរយៈលោក Ali Akbar Nazari ផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា Ali Hoseini KHAMENEI និងលោកប្រធានាធិបតី Masoud Pezeshkian៕ ដោយ៖ កន ចំណាន