ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងការអរគុណចំពោះកិច្ចសហការរវាងជប៉ុន និងអាស៊ាន ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហការយ៉ាងមោះមុតក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា

នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក WATANABE Yasuto អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានលើផ្នែកហិរញ្ញវត្ថុក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហការយ៉ាងមោះមុតក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដោយមានការរៀបចំជាកម្មវិធីជំនួយបច្ចេកទេស និងគម្រោងជាច្រើន ដូចជា គម្រោង ASEAN+3 Bond Markets Initiative (ABMI) ជាដើម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដោយកំណើនសេដ្ឋកិច្ច និងភាពជោគជ័យទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចំណេះដឹងបច្ចេកទេស និងចក្ខុវិស័យរួមគ្នារវាងប្រទេសកម្ពុជា និងដៃគូសហការ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ាន សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសឥតងាករេ និងកិច្ចសហការគ្នាក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ដោយបានបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការឥតឈប់ឈររវាងប្រទេសជប៉ុន និងកម្ពុជានឹងបន្តវិវឌ្ឍ និងកាន់តែស៊ីជម្រៅ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

សូមបញ្ជាក់ជូនថា ជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន (JAFTA) ត្រូវបានបង្កើតជាមួយនឹងចក្ខុវិស័យរយៈពេលវែង ដើម្បីពង្រឹងការអភិវឌ្ឍទីផ្សារមូលបត្របំណុលរូបិយប័ណ្ណក្នុងស្រុក ដែលជាប្រភពហិរញ្ញប្បទានបន្ថែមសម្រាប់ប្រទេសក្នុងតំបន់។ ក្រោមគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ាន+3 (ABMI) ជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន (JAFTA) បានផ្តល់មូលនិធិសម្រាប់ការអនុវត្តកម្មវិធីជំនួយបច្ចេកទេសជាច្រើន។

កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដោយជំនួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលដ៏រឹងមាំ៕ប្រភព៖ ក្រសួងអប់រំ