ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ ហើយ ការរៀបចំកិច្ចប្រជុំមានគោលដៅសំខាន់ចំនួន២គឺ៖ ទី១. ដើម្បីបង្កឱកាសឱ្យមន្ត្រីអប់រំគ្រប់ខេត្ត ក្រុង និងរាជធានី បានយល់ដឹងឱ្យច្បាស់អំពីខ្លឹមសារ នៃព្រះរាជក្រឹត្យពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យ អប់រំ និងទី២. លើកទឹកចិត្តឱ្យមានការចូលរួមចែករំលែកបទពិសោធន៍ និងការប្រឈមនានាក្នុងការអនុវត្តការងារកន្លងមក ដើម្បីជាធាតុចូលដ៏សំខាន់ជំរុញកែលម្អសេចក្តីព្រាងព្រះរាជក្រឹត្យនេះឱ្យកាន់តែល្អប្រសើរឡើង ដោយការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យសម្រេចលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានសូមឱ្យមន្ទីរអប់រំ យុវជន និងកីឡាតាមខេត្តទាំងអស់រៀបចំបញ្ជីផែនការជួយគាំទ្រសាលារៀន ទាំងក្នុងក្របខ័ណ្ឌគម្រោង និងក្រៅគម្រោងដែលគាំទ្រដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយមានការចូលរួមគាំទ្រដោយនាយកដ្ឋានជំនាញ ដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សូមរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ រួមទាំងការប្រឡងប្រណាំងការអនុវត្តសូចនាករ និងវិធានការដាក់ចេញក្នុងសន្និបាតអប់រំ សូមឱ្យគ្រប់សាលារៀនចូលរួមឱ្យសកម្មក្នុងការផ្តល់ទិន្នន័យធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រសាលារៀន សូមលើកទឹកចិត្តឱ្យសាលារៀនទាំងអស់យកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន ដោយឆាប់ៗនេះ ក្រសួងនឹងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ព្រមទាំងប្រកាសឱ្យមានការប្រើប្រាស់សាលាឌីជីថលជាផ្លូវការ និងលើកទឹកចិត្តឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលារៀនជំនាន់ថ្មីជាមួយសាលារៀនតាមខេត្ត ដើម្បីផ្លាស់ប្តូរបទពិសោធ និងរៀនសូត្រពីគ្នាទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសដែលបានយកអស់កម្លាំងកាយចិត្តរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះឡើងប្រកបដោយខ្លឹមសារគ្រប់ជ្រុងជ្រោយ និងថ្លែងអំណរគុណមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដែលចូលរួមជាធាតុចូលយ៉ាងសំខាន់ក្នុងការបន្តកែលម្អសេចក្តីព្រាងឱ្យមានខ្លឹមសារកាន់តែល្អប្រសើរ ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល៕ ប្រភព៖ ក្រសួងអប់រំ