នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូ អំពីអាទិភាពការងារ និងចក្ខុវិស័យរបស់ក្រសួង ក្នុងការរួមចំណែកអនុវត្តន៍នូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ១)បន្ដបង្កើនសក្ដានុពលធនធានទឹក តាមរយៈការបន្តស្តារនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ២)ការពង្រឹង និងធ្វើទំនើបកម្មលើប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវាជលសាស្រ្ត និងឧតុនិយម ក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុន (Early Warning System) ដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ៣)បន្ដការរៀបចំនិងដាក់ចេញនូវច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្ត សម្រាប់វិស័យធនធានទឹក និងឧតុនិយម ៤)ការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍ ៥) ការលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក និង ៦)ពង្រឹងយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋឥណ្ឌូណេស៊ី នៅក្នុងការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង អភិវឌ្ឍ និងអភិរក្សធនធានទឹក និងទំនើបកម្មវិស័យឧតុនិយម ជាពិសេសការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ការងារសហគមន៍ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ៕ ដោយ៖ កន ចំណាន, ប្រភព៖ ក្រសួងធនធានទឹក